សេចក្តីអធិប្បាយ អត្ថបទគម្ពីរម៉ាថាយ២៖១-១២ ចំណងជើង៖ អំណោយដ៏អស្ចារ្យ

24-ឧសភា-2018 - ម៉ោង 1:13pm ផ្ទៃរឿងមានៈតួអង្គ ស្តេចហេរ៉ូដ ហោរ៉ាទាំង៣មានៈ 1-Melchior 2-Casper 3-Balthazar ក្នុងជីវិតមនុស្សម្នាក់ៗនៅពេលចាប់កំណើតមកក្នុងលោកិយយើងនេះ គឺយើងឃើញថាមានបីចំនុចសំខាន់ដែលគ្រប់គ្នាតែងតែឆ្លងកាត់ ១-កើត ២-ការរៀបការ(ការ) ៣-ស្លាប់ទៅវិញ(កប់) ក្នុង៣ចំនុចខាងលើនេះយើងឃើញថាមានចំនុចមួយដែលគ្រប់គ្នាស្វះស្វែងដើម្បីខ្លួនផង និងសំរាប់មនុស្សជាទីស្រលាញ់ផង គឺចំនុចលេខ២ ដែលគ្រប់គ្នាចូលវ័យនោះឯងដែលគ្រប់គ្នាខិតខំតាំងតែពីតូចរហូតមក(ឧ.ចូលសាលារៀន ខំរៀនដើម្បីអោយមានអនាគតល្អ នៅពេលដែលខ្លួនធំពេញវ័យអាចចិញ្ចឹមជីវិតខ្លួនឯង និងឪពុកម្តាយឬសាច់ញាតិបាន យ៉ាងណាមិញពេលខ្លះក៏មានឪពុកម្តាយពូមីងខ្លះក៏ធ្លាប់និយាយមកកាន់យើងម្នាក់ៗផងដែរថា ខិតខំរៀនទៅដើម្បីអនាគតល្អកូន។ ពាក្យនេះគឺជំរុញទឹកចិត្តដល់យើងខ្លាំងមែនទែន ហើយគ្រប់គ្នាគឺតែងតែប្រៀនប្រដៅកូនចៅអោយអនុវត្តន៍ទៅតាមអ្វីដែលខ្លួនធ្លាប់បានឆ្លងកាត់នេះដែរ។ ក្នុងឆាកជីវិតមនុស្សម្នាក់ៗ ដើម្បីរស់នៅក្នុងសង្គមអោយឃើញថាមានភាពថ្លៃថ្នូរ គេតែងអោយតំលៃទៅលើចំណេះដឹង ជីវភាពធូរធា មានគ្រួសារល្អ និងសណ្តានចិត្តល្អ ។ល។ នៅពេលដែលមនុស្សធំពេញវ័យមានចំណេះដឹង ចេញទៅរកប្រកបមុខរបរទៅតាមវិជ្ជាជីវៈរបស់ខ្លួន គេតែងខំប្រឹងប្រគួតប្រជែងគ្នាដើម្បីយកជ័យជំនះបំពេញនូវមហិ្ឆចតារបស់ពួកគេរៀងៗខ្លួនដែរ។ បើសិនមាននរណាចង់មកប្រគួតឬចង់ផ្តួលខ្លួនអោយចុះចាញ់នោះគេតែងតែរិះរកវិធីសាស្រ្ត ឬល្បិចកល្បដើម្បីផ្តួលគ្នា ឬចង់ការពារខ្លួន និងសងសឹកគ្នាទៅវិញទៅមកដែរ។ ប្រាកដណាស់ក្នុងបច្ចុប្បន្ននេះមានមនុស្សជាច្រើនដែលមានរឿងដូចក្នុងការរៀបរាប់ខាងលើនេះយ៉ាងដូច្នេះដែរ។ ហើយអត្ថបទព្រះគម្ពីរថ្ងៃនេះ ក៏បានបង្ហាញយើងពីលិ្បចកល្បរបស់ស្តេចហេរ៉ូឌដែរថា ខ១-៨ គឺនៅពេលដែលស្តេចហេរ៉ូដបានដឹងដំណឹងមួយពីពួកហោរាថា នឹងមានបុត្រតូចមួយនិងប្រសូត្រនៅបេថ្លេហិមចេញពីស្រុកយ៉ូដានឹងមកគ្រប់គ្រងលើរាស្រ្តអ៊ីស្រាអែលគឺមានន័យថានឹងក្លាយជាចៅហ្វាយឬក៏ស្តេច(ក្នុងខ៨)ពេលនោះឯងស្តេចហេរ៉ូឌមានព្រះទ័យភ័យព្រួយក្នុងដំណឹងនេះ ហើយក៏គិតរកល្បិចកល្បដើម្បីសំលាប់ក្មេងៗតូចៗក្នុងភូមិបេថ្លេហិមទាំងអស់ កុំអោយដូចពាក្យហោរាបានទាយមកនោះបានសំរេច។ ខ៩ យើងឃើញថាមានមានមនុស្ស២យ៉ាងៈ ១-អ្នកមិនកោតខ្លាចព្រះ៖ស្តេចហេរ៉ូឌ ទោះបើខ្លួនដឹងពីដំណឹងពីហោរ៉ា ដែលបានទាយពីពួកហោរ៉ាក៏ដោយ(មីកា៥៖១-២ ១តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ឯងដែលតូចនៅក្នុងពួកយូដាទាំងពាន់ៗ នឹងមានម្នាក់កើតចេញពីឯងមកឲ្យអញ អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះបានចាប់តាំងពីបុរាណ គឺពីអស់កល្បរៀងមក ២ ដូច្នេះ អ្នកនោះនឹងប្រគល់គេទៅដរាបដល់កំណត់នៃនាង ដែលឈឺនឹងសំរាលបានកើតកូនមក នោះសំណល់នៃពួកបងប្អូនរបស់អ្នកនោះ នឹងបានវិលត្រឡប់មកឯពួកកូនចៅអ៊ីស្រាអែលវិញ)ក៏គេនូវតែប្រព្រឹត្តអំពើដ៏អាក្រក់តាមសំឡាប់ក្មេងៗដែលមិនដឹងអីសោះ។ មនុស្សនេះគេហៅថា មិនយកព្រះបន្ទូលរបស់ព្រះយេហ៊ូវ៉ាធ្វើជាផ្លូវទេគឺគេគិតតែតាមគំនិតរបស់ពួកគេចង់ធ្វើដើម្បីបំពេញមហិ្ឆចតារបស់ខ្លួនតែប៉ុណ្ណោះទោះបីប៉ះពាល់ដល់អ្នកដ៏ទៃប៉ុណ្ណាក៏គេមិនខ្វល់។ ឃើញអ្នកធ្លាក់ទឹករុញថែម ឃើញគេក្រ គេមិនចេះដៀលគេថាល្ងង់ ឃើញអ្នកដ៏ទៃល្អជាងខ្លួន ច្រណែនឈ្នានីស មួលបង្កាច់បង្ខូចគេ……។ ២-អ្នកដែលកោតខ្លាចព្រះជាម្ចាស់ៈគឺខ១០ ពួកហោរ៉ាមានអំណរជាខ្លាំងក្រៃ ដែលពួកគេនឹងបានថ្វាយបង្គំព្រះដ៏ពិត(សុភាសិត១៖៧ សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃដំរិះ តែមនុស្សឥតបើគិត គេមើលងាយប្រាជ្ញា និងសេចក្តីប្រៀនប្រដៅវិញ។) ហើយចេះអរព្រះគុណចំពោះព្រះ ហើយបានថ្វាយជាមាស ជាកំញាន ជាជ័រល្វីងទេសដល់ព្រះបានសង្រ្គោះពួកគេ។ យ៉ាងណាមិញយើងគ្រប់គ្នានៅទីនេះផងដែរថា ព្រះបានប្រទាននូវសេចក្តីសង្រ្គោះដល់យើងគ្រប់គ្នាតាមរយៈព្រះយេស៊ូវគ្រីស្ទដែលទ្រង់យាងមក សូមអស់លោកអ្នកបងប្អូនចេះអរព្រះគុណ នូវអ្វីដែលព្រះប្រទានដល់អស់លោកអ្នកក្នុងពេញ១ឆ្នាំៗ ទាំងការងារ ក្រុមគ្រួសារ ជីវិតរស់នៅ និងអ្វីៗគ្រប់យ៉ាងសំរាប់យើងរាល់គ្នាដែរ សូមអោយជំនឿអស់លោកអ្នកបងប្អូននូវតែបន្តជាមួយនឹងព្រះអង្គម្ចាស់នៃយើង អធិស្ថានសូមព្រះពរក្នុងឆ្នាំថ្មី ដោយក្តីសង្ឃឹមចុះ ព្រះទ្រង់នឹងប្រទានពរនូវអ្វីដែលទ្រង់ជ្រាបពីអ្នក ហើយចូរចេញទៅប្រកាសដំណឹងល្អពីព្រះអម្ចាស់នៃយើង ដល់អ្នកដ៏ទៃទៀត នឹងធ្វើពិធីបុណ្យជ្រមុចទឹកដោយនូវព្រះនាម វរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធនោះពួកគេនឹងបានសេចក្តីសង្រ្គោះពិតជាមិនខាន។អាម៉ែន!