គោលលទ្ធិ និងប្រវត្តិសាស្ត្រ

30-វិច្ឆិកា-2018 - ម៉ោង 4:42:23PM នៅក្នុងកណ្ឌ័កិច្ចកា ១១:២៦ យើងបានដឹងថាសិស្សរបស់ព្រះគ្រីស្ទត្រូវបានគេហៅថា ពួកគ្រីស្ទានដំបូងគេបង្អស់នៅស្រុកអាន់ទីយ៉ូក។ កាលពីមុនគេហៅជំនឿគ្រីស្ទានថាជា «មាគ៌ា»។ វាមិនជាការចំឡែកទេ ព្រោះនៅក្នុងយ៉ូហាន ១៤:៦ ព្រះយេស៊ូវបានប្រកាសអង្គទ្រង់ថា៖ «ជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត» ហើយទ្រង់ក៏មានបន្ទូលទៀតដែរថាបើមិនមកតាមទ្រង់ នោះគ្មានអ្នកណាទៅឯព្រះវរបិតាទ្រង់បានឡើយ។ ជាការពិត យើងដឹងដ៏ច្បាស់ថាព្រះយេស៊ូវគឺជាផ្លូវតែមួយគត់ទៅកាន់ព្រះវរបិតាព្រោះមានតែតាមរយៈទ្រង់ និងការដ៏ឈឺចាប់និងការសុគតនៅលើឈើឆ្កាងតែមួយទេដែលយើងទទួលការអត់បាប ហើយយើងមានសេចក្តីក្លាហានចូលទៅកាន់ព្រះអាទិករ ជាព្រះដ៏បរិសុទ្ធនៃស្នាដៃបង្កើតបាន។ ដូច្នេះ ផ្លូវ ទៅកាន់ព្រះជាម្ចាស់និងជីវិតដ៏នៅអស់កល្បនាស្ថានសួគ៌គឺដោយសារការដើរតាមព្រះគ្រីស្ទ និង ផ្លូវ របស់ទ្រង់តាមរយៈឈើឆ្កាង។ ហេតុនេះទើបយើងដាក់ចំណងជើងនៃការសិក្សានេះថាជា «មាគ៌ានៃឈើឆ្កាង»។

4


ប្រសិនបើព្រះយេស៊ូវគឺជាផ្លូវ នោះវាគឺការដ៏មានន័យមួយដែលយើងត្រូវ «ដើរតាមទ្រង់» ដូចជាទ្រង់ហៅយើងអោយបានធ្វើដូច្នោះនៅក្នុងដំណឹងល្អលូកា ៩:២៣­២៤ខាងលើ។ ក៏ប៉ុន្តែពាក្យបន្ទូលរបស់ទ្រង់បណ្តាលអោយមនុស្សជាច្រើនការភាន់ច្រឡំ។ ពាក្យនោះហាក់ដូចជាគ្មានន័យអ្វីសោះ។ តាមពិតជារឿយៗ ពាក្យទាំងនេះត្រូវបានគេយល់ថាជាបរមតិ។ បរមតិអាចផ្តល់និយមន័យថាសេចក្តីថ្លែងការណ៍ដែលជាដំបូងហាក់ដូចពុំមានអត្ថន័យសោះ តែបន្ទាប់ពីផ្តល់ការពន្យល់បកស្រាយមកវាក្លាយជាការពិតវិញ។ ករណីភាគច្រើនមាគ៌ានៃឈើឆ្កាងគឺជាបរមតិ។ វាគឺនៅក្នុងសេចក្តីដែលព្រះយេស៊ូវថ្លែងខាងលើ។ តើយើងអាចសង្រ្គោះជីវិតរបស់យើងដោយការបាត់បង់វាបានយ៉ាងដូចម្តេច? បើយើងបាត់បង់ជីវិតរបស់យើង តើវានឹងមិនមែនបានបាត់បង់ទេឬអី? ហើយតើហេតុអ្វីបានជាយើងមិនខិតខំសង្រ្គោះជីវិតរបស់យើង? តើវាមិនមែននៅសល់ពីការបាត់បង់វាទាំងស្រុងទេឬអី?
ក្នុងឧទាហរណ៍មួយទៀត ព្រះយេស៊ូវបានចាបផ្តើមអធិប្បាយពាក្យបន្ទូលនៅលើភ្នំក្នុងដំណឹងល្អម៉ាថាយជំពូកទី៥ ដោយពោលពាក្យថា៖ «មានពរហើយ អស់អ្នកដែលមានសេចក្តីកំសត់ខាងឯវិញ្ញាណ ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកនោះ»។ នេះគឺជាបរមតិមួយទៀត! តើធ្វើដូចម្តេចអោយចិត្តដ៏តានតឹងនិងឈឺចាប់ក្លាយជាព្រះពរ? ព្រះយេស៊ូវមិនបានឈប់មានបន្ទូលត្រឹមនោះទេ។ ទ្រង់មានបន្ទូលបន្តទៀតថា៖ «មានពរហើយ អស់អ្នកដែលយំសោក» និង «មានពរហើយ អស់អ្នកដែលស្លូតត្រង់»។ ជាថ្មីម្តងទៀត ក្នុងនាមជាមនុស្សយើងជាធម្មតាមិនភ្ជាប់ការយំសោកនិងភាពស្លូតត្រង់នឹងការប្រទានពរទេ។ ទោះជាយ៉ាងណា នេះគឺគ្រាន់តែផ្នែកមួយនៃបរមតិអំពីមាគ៌ានៃឈើឆ្កាងវិញ។
តើហេតុអ្វីបានជាសេចក្តីបង្រៀនរបស់ព្រះគ្រីស្ទ មានអត្ថន័យបែបជាបរមតិចំពោះយើងខ្លាំងម៉្លេះ? ប្រហែលទ្រង់មានចេតនាបែបនោះ។ ក៏ប្រហែលវាជាការរំឭកដល់យើងថា យើងមិនមែនជាស្នូលនៃគតិបណ្ឌិតនិងហេតុផលនោះទេ។ នៅពេលយើង ជួបនឹងបរមតិ ជារឿយៗយើងនឹងបន្លឺថាវាគ្មានន័យអ្វីចំពោះ យើង ដោយឥតបានសួរសំណួរថា៖ «តើចំណុចណាដែលខ្ញុំមិនបានយល់?» នោឡើយ។ បរមតិបណ្តាលឲ្យយើងឈប់រួចគិតសារជាថ្មីអំពីគោលជំហររបស់យើង។ វាធ្វើអោយយើងបន្ទាបខ្លួន និងការបន្ទាបខ្លួនគឺជាដើមចមនៃប្រាជ្ញា។ ចូរពិចារណានូវពាក្យដែលអ្នកបរិសុទ្ធប៉ូលបានសរសេរនៅក្នុងសំបុត្រ ១ កូរិនថូស ១:១៨­២៥៖ ១៨ ដ្បិតដំណឹងល្អពីឈើឆ្កាង នោះជាសេចក្តីចំកួតដលើអស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ ១៨ ព្រោះមានសេចក្តីចែងទុកមកថា «អញនឹងបំផ្លា្ញស់ប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយនឹងលើកចំពោះរបស់ពួកអ្នកដែលចេះចោលចេញ» ២០ តើអ្នកប្រាជ្ញនៅឯណា? តើអាចារ្យនៅឯណា? តើអ្នកដេញដោលនៃសម័យនេះនៅឯណា? ព្រះទ្រង់បានធ្វើឲ្យប្រាជ្ញារបស់លោកីយនេះទៅជាសេចក្តីល្ងង់ល្ងើវិញទេតើ ២១ ដ្បិតដោយព្រោះព្រះទ្រង់បានសំរេចតាមប្រាជ្ញានៃទ្រង់ថា មនុស្សលោកនឹងរកស្គាល់ព្រះដោយអាងប្រាជ្ញាខ្លួនមិនបានទេ បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់អ្នកដែលជឿ ដោយសារសេចក្តីល្ងង់ល្ងើវិញ គឺជាការប្រកាសដំណឹងល្អ ២២ ពីព្រោះសាសន៍យូដា គេចង់ឃើញភស្តុតាង ហើយសាសន៍ក្រេកគេស្វែងរកប្រាជ្ញា ២៣ តែយើងខ្ញុំប្រកាសប្រាប់ពីព្រះគ្រីស្ទដែលទ្រង់ត្រូវឆ្កាងវិញ ជាហេតុនាំឲ្យរវាតចិត្តដល់សាសន៍យូដា នឹងជាសេចក្តីល្ងង់ល្ងើដល់សាសន៍ក្រេក ២៤ តែព្រះគ្រីស្ទ ទ្រង់ជាព្រះចេស្តា ហើយជាប្រាជ្ញារបស់ព្រះវិញដល់អស់អ្នកដែលទ្រង់ហៅ ទាំងសាសន៍យូដា ហើយនឹងសាសន៍ក្រេកផង ២៥ ដ្បិតសេចក្តីល្ងង់ល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងមនុស្ស ហើយសេចក្តីកំសោយរបស់ព្រះ ក៏មានកំឡាំងលើសជាងមនុស្សដែរ។
សាវ័កប៉ូលបកស្រាយថាព្រះជាម្ចាស់ ធ្វើការជាមួយនឹងមនុស្សក្នុងមធ្យោបាយណាដែលហួសពីការយល់ដឹងរបស់យើង។ កិច្ចការនោះបែបជាបរមតិចំពោះយើង។ តើហើយដោយសារតែមូលហេតុអ្វី? តើព្រះទ្រង់មិនមែនឈ្លាសវៃជាងយើងទេឬអី? បើទ្រង់មិនឆ្លាតវៃជាងយើងទេ តើទ្រង់អាចជួយអ្វីដល់យើងបាន? សូម្បីតែកាលពីជាង ៧០០ឆ្នាំមុនលោកប៉ូលសរសេរសេចក្តីខាងលើ ព្រះទ្រង់បានមានបន្ទូលរួចស្រេចតាមរយៈហោរាអេសាយ៖ ពីព្រោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គំនិតអញ មិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់អញ ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ។ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់អញខ្ពស់ជាងផ្លូវរបស់ឯង ហើយគំនិតរបស់អញ ក៏ខ្ពស់ជាងគំនិតរបស់ឯងរាល់គ្នាយ៉ាងនោះដែរ។ ពីព្រោះដែលភ្លៀងនឹងហិមៈធ្លាក់ចុះមកពីលើមេឃឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយក៏ឲ្យពូជពង្រោះដល់អ្នកដែលព្រោះ នឹងអាហារដល់អ្នកដែលបរិភោកជាយ៉ាងណា។ នេះជាពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសំរេចតាមសេចក្តីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វីដែលអញចាត់ទៅធ្វើនោះ (អេសាយ ៥៥:៨­១១)។ ព្រះប្រទានពាក្យបន្ទូលរបស់ទ្រង់ដល់យើង ដើម្បីបង្កើតនូវជំនឿនៅក្នុងចិត្តរបស់យើង និងបណ្តាលអោយយើងបំពេញភារៈកិច្ចដែលព្រះអង្គតម្រូវទុកសំរាប់អោយយើងធ្វើ (អេភេសូរ ២:៨­១០)។ ទោះជាយ៉ាងណា ពីព្រោះតែសេចក្តីពិតនៃបរមតិរបស់ពាក្យបន្ទូលព្រះជារឿយៗធ្វើអោយយើងភាន់ច្រឡំ យើងជារឿយៗក៏ត្រូវការបុគ្គលណាម្នាក់ដើម្បីបកស្រាយពាក្យបន្ទូលដដែលនេះដល់យើង ដូចជាបុរសកំរៀវក្នុងកិច្ចការ ៨:២៦­៤០ ដែលយល់នូវតម្រូវការនេះដែរ។ នៅពេលសាវ័កភីលីពសំគាល់ឃើញថាបុរសកំរៀវកំពុងងើយឆ្ងល់នឹងកណ្ឌ័អេសាយ គាត់បានសួរបុរសនោះបើគាត់យល់នូវអត្ថបទដែលគាត់កំពុងអាន។ គាត់បានឆ្លើយក្នុងខ ៣១ ថា៖ «នោះធ្វើដូចម្តេចឲ្យខ្ញុំយល់បាន?» រួចគាត់បន្តទៀតថា៖ «បើគ្មានអ្នកណាដឹកនាំខ្ញុំ?»។ ដូចនេះគាត់ក៏អញ្ជើញលោកភីលីពអោយឡើងជិះរទេះសេះជាមួយនឹងគាត់។ យ៉ាងណាក៏ដោយ ជំនឿគ្រីស្ទបរិស័ទគឺមិនអាស្រ័យលើកំរិតនៃចំណេះដឹង ទេ តែជា ផ្លូវសំរាប់ដើរតាម ដូចជាព្រះគ្រីស្ទបានហៅអោយយើងបានដើរតាមទ្រង់ក្នុងលូកា ៩:២៣­២៤ ដែលយើងបានដកស្រង់នៅខាងដើមនៃមេរៀននេះវិញ។ ការដើរតាមព្រះគ្រីស្ទមានន័យថាត្រូវមានភាពចាស់ទុំ(ខាងព្រលឹងវិញ្ញាណ) និងរីកចំរើនក្នុងពាក្យបន្ទូលរបស់ទ្រង់ដែលផ្តល់ជាកំឡាំងដល់យើង ក្នុងដំណើរជីវិតរបស់យើងជាមួយនឹងព្រះជាម្ចាស់។ នៅក្នុងដំណឹងល្អយ៉ូហាន ៨:៣១­៣២ ព្រះយេស៊ូវបានបង្រៀនពួកសិស្សដែលចាប់ផ្តើមដើរតាមទ្រង់ ហើយព្រះអង្គបានលើកទឹកចិត្តដល់ពួកគេដោយមានបន្ទូលថា៖ «បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន។ អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តី­ពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច»។ ព្រះយេស៊ូវសន្យានឹងពួកអ្នកជឿទាំងនេះថា បើគេបន្តដើរតាមទ្រង់និងនៅជាប់នឹងសេចក្តីបង្រៀនរបស់ព្រះអង្គ (ន័យត្រង់គឺ «រក្សាតាមពាក្យបន្ទូលទ្រង់») គេនឹងចាប់ផ្តើមយល់ច្បាសនូវបរមតិរបស់មាគ៌ានៃឈើឆ្កាង។ ក៏ប៉ុន្តែការយល់ដឹងបែបនេះកើតឡើងដោយព្រោះតែ «ការរក្សាពាក្យបន្ទូលទ្រង់» ប៉ុណ្ណោះ។ បើយើងបានធ្វើដូច្នេះ ទ្រង់មានបន្ទូលថានឹង «ប្រោសឲ្យ» យើងបានរួច។ យើងអាចនឹងសួរថា៖ «តើប្រោសឲ្យរួចពីអ្វីឬពីអ្នកណា?» សូមអ្នកអានរក្សាសំណួរនេះនៅក្នុងចិត្តរបស់ខ្លួនសិនខណៈពេលយើងកំពុងសិក្សាបន្តទៀត។ សំរាប់នាពេលឥឡូវនេះ សូមអោយយើងពិនិត្យមើលនូវភាពបន្ទាន់ចាំបាច់ និងសេចក្តីលំបាកនៃការរក្សាពាក្យរបស់ព្រះយេស៊ូវទុកជាពាក្យបន្ទូលរបស់ព្រះជាមុនសិន។ បញ្ហាជាច្រើននៅក្នុងពិភពលោកនេះល្បួងមនុស្ស អោយឃ្លាតចេញពីការដើរតាមព្រះគ្រីស្ទ ដូចជាតាមរយៈបញ្ហាការបៀតបៀននិងការវាយប្រហារពីសំណាក់ពួកអ្នកមិនជឿ ការបង្រៀនក្លែងក្លាយអំពីគោលជំនឿគ្រីស្ទបរិស័ទ ទ្រព្យសម្បត្តិ និងការសប្បាយស្រើបស្រាលនៃលោកីយ ការបារម្ភរបស់បញ្ហាជីវិតនេះ និងសេចក្តីភ័យខ្លាចនឹងទុក្ខលំបាកជាដើម។ ក្នុងនាមជាគ្រីស្ទបរិស័ទថ្មីថ្មោង ជារឿយៗយើងមានក្តីសង្ឃឹមក្មេងខ្ចីមួយថាគ្រប់យ៉ាងនឹងកើតឡើងតាមបំណងចិត្តរបស់យើង។ តែនៅពេលយើងឃើញថារឿងរ៉ាវកើតឡើងជាច្រើនទាស់នឹងយើង ជារឿយៗយើងមិនអាចចៀសវាងនឹងសេចក្តីខ្វះខាតផ្សេងៗដែលនាំយើងទន់ខ្សោយ ឬបំផ្លាញជំនឿរបស់យើងឡើយ។ ពិតណាស់ ព្រះយេស៊ូវបានរំពឹងគិតទុកជាមុននូវបញ្ហានេះក្នុងពាក្យប្រៀបធៀបអំពីអ្នកព្រុះគ្រាប់ពូជ ដែលបានដកស្រង់ដូចខាងក្រោមនេះ។ ដូចនេះ ទើបទ្រង់ជំរុញទឹកចិត្តយើងអោយតោងជាប់នឹងពាក្យបន្ទូលទ្រង់ខណៈយើងកំពុងតែដើរតាមទ្រង់ក្នុងជីវិតនេះ។ ព្រះគម្ពីរចែងថាយើងដើរដោយជំនឿមិនមែនដោយសាច់ឈាមទេ។ ៤ កាលមានមនុស្សមកពីគ្រប់ស្រុក ប្រជុំគ្នាឯទ្រង់ជាណែនណាន់តាន់តាប់ហើយ នោះទ្រង់មានបន្ទូលដោយពាក្យប្រៀបប្រដូចថា ៥ «មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ កំពុងដែលគាត់ព្រោះ នោះមានខ្លះធ្លាក់ចុះតាមផ្លូវត្រូវគេដើរជាន់ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី ៦ខ្លះទៀតធ្លាក់ទៅលើថ្ម កាលពន្លកឡើង នោះក៏ក្រៀមស្វិតទៅ ពីព្រោះគ្មានធាតុសើមសោះ ៧មានខ្លះទៀតធ្លាក់ទៅកណ្តាលបន្លា បន្លាក៏ដុះឡើងជាមួយ ហើយរួបខ្ទប់វា ៨មានខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ក៏ពន្លកដុះឡើង បង្កើតផលផ្លែបាន១ជា១រយភាគ កាលទ្រង់មានបន្ទូលសេចក្តីទាំងនោះស្រេចហើយ នោះក៏បន្លឺវាចាថា អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។ ៩ពួកសិស្សទូលសួរទ្រង់ថា ពាក្យប្រៀបនេះមានន័យដូចម្តេច? ១០ទ្រង់ឆ្លើយថា ឯអ្នករាល់គ្នា ព្រះបានប្រទានឲ្យស្តាប់អស់ទាំងការអាថ៌កំបាំងរបស់នគរទ្រង់ហើយ តែបានសំដែងដល់អ្នកឯទៀត ដោយពាក្យប្រៀបប្រដូចវិញ ដើម្បីកាលណាគេឃើញ នោះមិនឃើញវិញ ហើយកាលណាគេឮ នោះមិនយល់ឡើយ ១១ រីឯពាក្យប្រៀបប្រដូចនេះគឺស្រាយយ៉ាងនេះថា ពូជនោះ គឺព្រះបន្ទូល ១២ ឯពួកអ្នកដែលទទួលតាមផ្លូវ គឺជាអស់អ្នកដែលបានឮ រួចអារក្សមកឆក់យកព្រះបន្ទូលពីចិត្តគេចេញទៅ ក្រែងគេជឿហើយបានសង្រ្គោះ ១៣ ឯពួកអ្នកដែលទទួលនៅលើថ្ម គឺអស់អ្នកដែលកាលណាឮព្រះបន្ទូលហើយ នោះក៏ទទួលដោយអំណរ តែគ្មានចាក់ឫសសោះ គេជឿនៅតែ១ស្របក់ប៉ុណ្ណោះ លុះកើតមានសេចក្តីល្បួង នោះគេរសាយចិត្តទៅវិញ ១៤ ឯពូជដែលធ្លាក់ទៅក្នុងបន្លា គឺអស់អ្នកដែលបានឮរួចចេញទៅ នោះសេចក្តីខ្វល់ខ្វាយ នឹងទ្រព្យសម្បត្តិ ហើយនឹងសេចក្តីស្រើបស្រាលនៅជីវិតនេះ ក៏ចូលមកខ្ទប់ជិត មិនឲ្យបង្កើតផលផ្លែដ៏ពេញលេញបានឡើយ ១៥ តែពូជដែលនៅដីល្អ គឺពួកអ្នកដែលមានចិត្តទៀងត្រង់ល្អ ក៏ឮព្រះបន្ទូលហើយយកចិត្តទុកដាក់ រួចបង្កើតផលដោយសេចក្តីអត់ធន់វិញ»។ (លូកា ៨:៤­១៥)។ តាមរយៈពាក្យប្រៀបប្រដូចនេះ យើងអាចយល់បានថាមាគ៌ានៃឈើឆ្កាងគឺមិនមែនជាផ្លូវធំទូលាយ ជាមហាវិថីងាយស្រួលធ្វើដំណើរទេ ក៏ប៉ុន្តែជាផ្លូវតូចចង្អៀត មានការល្បងល្បួង និងការតស៊ូព្យាយាមជាច្រើន។ ព្រះយេស៊ូវធ្វើការកត់សំគាល់ក្នុងម៉ាថាយ ៧:១៤ ថា៖ «តែឯទ្វារដែលនាំទៅឯជីវិត នោះតូចហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»។ ពាក្យនេះបង្កើតជាចំងល់ជាច្រើនដល់អ្នកដែលចង់ដើរតាមព្រះគ្រីស្ទហើយរិះ រកមធ្យោបាយដ៏ភិតភ័យ ដូចជាសួរសំណួរថា៖ «បើព្រះជាម្ចាស់ចង់ឲ្យមនុស្សទាំងអស់បានសង្គ្រោះ តើហេតុអ្វីបានជាទ្រង់មិនធ្វើផ្លូវងាយស្រួលរកនិងស្រួលដើរតាម?» និង «ប្រសិនបើទ្រង់ស្រឡាញ់លោកីយនេះដូចទ្រង់បានមានបន្ទូល តើហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យសេចក្តីល្បួង ទុក្ខលំបាកនិងការបៀតបៀនទាំងអស់កើតមានដល់យើង?» ហើយបន្តសួរទៀតថា៖ «តើហេតុអីបានជាព្រះចង់យាងមករូបយើងបែបជាបរមតិដូច្នេះ? តើហេតុអ្វីបានជាព្រះ មិនសំដែងអង្គទ្រង់ឲ្យមនុស្សទាំងអស់ឃើញដូចជាហោរាអេសាយ ស្រែកលន់តួបាបក្នុងជំពូក ៦៤:១? សៀវភៅនេះសរសេរចងក្រងឡើង ដើម្បីព្យាយាមឆ្លើយនូវសំណួរទាំងនេះខ្លះ។ ហើយដូចជាបុរសកំរៀវត្រូវការជំនួយពីសាវ័កភីលីពក្នុងកិច្ចការ ៨:១ ដើម្បីយល់បទព្រះគម្ពីរ តួយ៉ាងដូចជាសៀវភៅគោលជំនឿគ្រីស្ទបរិស័ទរបស់លូធ័រ ក៏ជួយអោយយើងយល់ជំនឿគ្រីស្ទបរិស័ទតាមរយៈការពន្យល់បកស្រាយពីវិធីដែលពាក្យបន្ទូល និងព្រះអំណោយទានដ៏ពិសិដ្ឋបើកសំដែងផ្លួវនៃឈើឆ្កាងដែរ។ វាក៏ផ្តល់អត្ថប្រយោជន៍ដល់យើងដើម្បីអោយអាចអានសំណេរពីជំនឿគ្រីស្ទបរិស័ទ ដ៏អស្ចារ្យនានាដូចជាស្នាដៃនិពន្ធរបស់បណ្ឌិតលូធ័រ និងអ្នកដទៃទៀតដែលតាមរយៈស្នាដៃនិពន្ធទាំងនោះយើងទទួលបាននូវមេរៀនដ៏មានតំលៃ សំរាប់ដំណើរជីវិតដ៏ធំនេះផងដែរ។ ក្នុងសេចក្តីបន្ថែមលើការនិពន្ធគោលជំនឿគ្រីស្ទបរិស័ទ សំណួរនិងចម្លើយខ្នាតខ្លី បណ្ឌិត ម៉ាធីន លូធ័រក៏ បាននិពន្ធស្នាដៃជាច្រើនទៀតដែរ។ នៅឆ្នាំ ១៥១៨ លោកលូធ័របាននិពន្ធកិច្ចពិភាក្សាហេដិលបេហ្គរបស់គាត់ (Heidelberg Disputation) ជាកម្រងស្នាដៃនិពន្ធដ៏សំខាន់មួយក្នុងបណ្តាស្នាដៃនិពន្ធឯទៀតៗ។ យើងនឹងពិនិត្យមើលស្នាដៃនេះនាពេលបន្តិចទៀត ហើយតាមពិតទៅស្នាដែនិពន្ធនេះអាចចាត់ទុកថាជាគម្រោងមូលដ្ឋានគ្រឹះលំអិតសំរាប់ទេវសាស្ត្រ ដែលបានដឹកនាំលូធ័រមួយជីវិតរបស់គាត់។ ប្លង់គម្រោងមិនត្រឹមមានតួនាទីជាបញ្ជីក្រិត្យក្រមនិងជាគោលលទ្ធិប៉ុណ្ណោះទេ តែជាត្រីវិស័យសំរាប់ដើរតាមមាគ៌ានៃឈើឆ្កាងផងដែរ។ វាគឺជារបៀបពិចារណា ជាអាកប្បកិរិយាចំពោះព្រះជាម្ចាស់ ដែលបានបើកការយល់ដឹងអំពីព្រះគម្ពីរនិងជាពិសេសអំពីព្រះផ្ទាល់ ហើយជាផ្នត់គំនិតដែលជួយពួកសិស្ស អោយអាចកត់សំគាល់នូវដងផ្លូវនិងបន្តដើរនៅលើដងផ្លូវនោះ។ ផ្នត់គំនិតនេះ ដែលបណ្ឌិតលូធ័រហៅជាទេវសាស្រ្តនៃឈើឆ្កាង ម៉្យាងវិញទៀតគឺវាមានលក្ខណៈសាមញ្ញបំផុត ក៏ប៉ុន្តែបើម៉្យាងវិញទៀតគឺវាចំលែកចំពោះយើង ព្រោះវាធ្លាប់ហាក់ដូចជាបរមតិដ៏មិនអាចយល់មួយដែលមានតែព្រះវិញ្ញាណបរិសុទ្ធ តាមរយៈព្រះគម្ពីរអាចពន្យល់បកស្រាយប៉ុណ្ណោះ។ ដូច្នេះ យើងនឹងចំណាយពេលរបស់យើងដើម្បីពិនិត្យមើលវាបន្តិចម្តងៗ សូមអត់ធ្មត់បន្តិច! យើងនឹងរំឭកប្រធានបទបឋមម្តងហើយម្តងទៀត នៅពេលណាវា «ចុច» អ្នកអាននឹងញញឹម។ ខណៈយើងត្រៀមលក្ខណៈ ដើម្បីពិនិត្យទៅលើការសិក្សាកិច្ចពិភាក្សាហេដិលបេហ្គរបស់បណ្ឌិតលូធ័រ យើងនឹងត្រូវការរំឭកនូវគោលលទ្ធិនៃព្រះគម្ពីរជាមូលដ្ឋានខ្លះៗ ដើម្បីធ្វើជាគ្រឹះរឹងមំាសំរាប់ការយល់ដឹងអំពីទេវសាស្រ្តនៃ ឈើឆ្កាងរបស់គាត់។ រួចបន្ទាប់ពីរំឭកត្រួសៗនៃប្រវត្តិសាស្ត្រនៃកិច្ចពិភាក្សា (Disputation) យើងនឹងបន្តទៅលើការសិក្សាទស្សនកថាផ្នែកទេវសាស្ត្រទាំង២៨របស់លោកលូធ័រ។

4