ការនឿយហត់ នៅក្នុងការអាណិត

01-វិច្ឆិកា-2018 - ម៉ោង 10:59:23AM អាន: ម៉ាថាយ ៩:៣៥-៣៨ យេរេមា ២៤-២៦ និង ទីតុស ២
កាលទ្រង់ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល។ម៉ាថាយ ៩:៣៦
អ្នកស្រី អ៊ែន ហ្វ្រែង(Anne Frank) មាន​ឈ្មោះល្បី​ ដោយសារ​សៀវភៅ​កំណត់​ហេតុ​របស់​គាត់ បាន​ពិពណ៌នា អំពី​ការ​លាក់​ខ្លួន​របស់​ក្រុម​គ្រួសារ​គាត់ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ក្នុង​អំឡុង​ពេល​សង្រ្គាម​លោក​លើក​ទី​២។ ក្រោយ​មក ពេល​ដែល​នាង​ត្រូវ​គេ​ឃុំ​ឃាំង ក្នុង​ជំរុំ​មរណៈ​រប​ស់ពួ​ក​ណាហ្ស៊ី អ្នក​ដែល​ជា​ប់ឃុំ​ជា​មួយ​នាង បាន​និយាយ​ថា “ទឹក​ភ្នែក​របស់​នាង ដែល​បាន​ស្រក់​សម្រាប់​ពួក​គេ មិន​ដែល​ចេះ​រី​ង​ស្ងួត​ឡើយ” វត្ត​មាន​របស់​នាង “បាន​ធ្វើ​ជា​ព្រះ​ពរ សម្រាប់​អ្នក​ដែល​ស្គាល់​នាង”។ ដោយ​ហេតុ​នេះ​ហើយ​ អ្ន​កប្រាជ្ញ​ឈ្មោះ ខេណេត បេលេយ(Kenneth Bailey) បាន​សន្និ​ដ្ឋាន​ថា អ្នក​ស្រីអ៊ែ​ន មិន​ដែល​បង្ហាញ​ចេញ​នូវ “ភា​ពនឿយ​ហត់ នៅ​ក្នុង​ការ​អាណិត​ឡើយ”។
ភាព​នឿយ​ហត់ នៅ​ក្នុង​ការ​អាណិត អាច​កើត​មាន ដោយ​សារ​ការ​រស់​នៅ ក្នុង​លោកិយ​ដែល​មាន​ការ​ខ្ទេច​ខ្ទាំ​ខ្លាំង។ ទុក្ខវេទនា​ហួស​ថ្លែង​ដែល​មនុស្ស​ជាតិ​បាន​ជួប​ប្រទះ អាច​ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​ចិត្ត​សប្បុរស​បំផុត ក្នុង​ចំណោម​យើង មានអារម្មណ៍​ថា វា​ជា​រឿង​ធម្មតា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភាព​នឿយ​ហត់ នៅ​ក្នុងកា​រអា​ណឹត មិន​មាន​នៅ​ក្នុង​លក្ខណៈសម្បត្តិ​របស់​ព្រះ​យេស៊ូវ​ឡើយ។ បទ​គម្ពីរ​ម៉ាថាយ ៩:៣៥-៣៦ បាន​ចែង​ថា “ព្រះយេស៊ូវ ទ្រង់​​ក៏​​យាង​ទៅ​ដល់​គ្រប់​ក្រុង​គ្រប់​ភូមិ ព្រម​ទាំង​បង្រៀន​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ ទ្រង់​ក៏​ប្រោស​អស់​ទាំង​ជំងឺរោគា និង​ជរា​ពិការ ក្នុង​ពួក​បណ្តាជន​ឲ្យ​បាន​ជា។ កាល​ទ្រង់​ឃើញ​ហ្វូង​មនុស្ស​ហើយ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ក្តួល​អាណិត​ដល់​គេ ដ្បិត​គេ​ល្វើយ ហើយ​ខ្ចាត់ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល”។
ពិភព​លោក​របស់​យើង មិន​គ្រាន់​តែ​មាន​ទុក្ខ​វេទនា ដោយសារ​តម្រូវ​ការ​ខាង​សាច់​ឈាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​មាន​ភាព​ខ្ទេច​ខ្ទាំ​ខាង​វិញ្ញាណ​ផង​ដែរ។ ព្រះយេស៊ូវ​បាន​យាង​មក​បំពេញ​សេចក្តី​ត្រូវ​ការ​ទាំង​នេះ ហើយ​ក៏​បា​នបង្គាប់​អ្នក​ដើរ​តាម​ទ្រង់ ឲ្យ​ចូល​រួម​ជា​មួយ​ទ្រង់ នៅ​ក្នុង​កិច្ចការ​នេះ​(ខ.៣៧-៣៨)។ ទ្រង់​បាន​អធិស្ឋាន​សូម​ឲ្យ​ព្រះ​វរបិតា​ចាត់​អ្នក​ចម្រូត​មក​ឲ្យ​បាន​ច្រើន ដើម្បី​ឆ្លើយ​តប ចំពោះ​តម្រូវ​ការ​របស់​មនុស្ស ដែ​ល​នៅ​ជុំវិញ​យើង ដែល​កំពុង​តែ​មាន​ទុក្ខ​លំបាក ដោយ​សារ​ភាព​ឯក​កោ អំពើ​បាប និង​ជម្ងឺ​។ សូម​ព្រះ​វរបិតា ប្រទាន​យើងឲ្យ​មាន​ចិត្ត ដែល​អាណិត​ចំពោះ​អ្នក​ដទៃ ដើម្បី​ឆ្លុះប​ញ្ចាំង ឲ្យ​គេ​ស្គាល់បំណង​ព្រះ​ទ័យ​ទ្រង់។ ដោយ​កម្លាំង​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ យើង​អាច​បង្ហាញ​ចេញ​នូវ​សេចក្តី​អាណិត​របស់​ទ្រង់ ចំពោះ​អ្នក​ដែល​កំពុង​មាន​ទុក្ខ​លំបា​ក។
ឱព្រះវរបិតា សូមអត់ទោសឲ្យទូលបង្គំ ពេលដែលទូលបង្គំគេចចេញ ពីអ្នកដែលកំពុងមានតម្រូវការ។ សូមចម្រើនកម្លាំងទូលបង្គំ ដោយព្រះវិញ្ញាណរបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំអាចឆ្លើយតប តាមការដឹកនាំ ការណែនាំ និងការផ្គត់ផ្គង់របស់ទ្រង់។
For more on this topic, see Compassion: Learning to Love Like Jesus at discoveryseries.org/q0208.
ក្នុងលោកិយដែលមានពេញដោយការឈឺចាប់ក្នុងចិត្ត យើងអាចយកគំរូតាមសេចក្តីអាណិតរបស់ព្រះយេស៊ូវ។

4