ទ្រព្យសម្បត្តិ នៅក្នុងផ្លែល្ពៅ

22-តុលា-2018 - ម៉ោង 11:31:23AM អាន: ២កូរិនថូស ៤:៧-១៨
យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិលើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ។ ២កូរិនថូស ៤:៧

ទ្រព្យសម្បត្តិ នៅក្នុងផ្លែល្ពៅ

4

កាល​ខ្ញុំ​កំពុង​រស់​នៅ​ជា​ម្តាយ​ដ៏​វ័យ​ក្មេង​ម្នាក់ ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ថា​ នឹង​ធ្វើ​កំណត់​ហេតុ អំពី​រយៈ​ពេល​១​ឆ្នាំ​ដំបូង នៃ​ជីវិតរបស់​កូន​ស្រី​ខ្ញុំ។ ជា​រៀង​រាល់​ខែ ខ្ញុំ​បាន​ថត​រូប​នាង​ទុក ដើម្បី​បង្ហាញ​អំពី​ការ​ផ្លាស់​ប្តូរ និង​ការ​លូត​លាស់​របស់​នាង។ ក្នុង​ចំណោម​រូប​ថត​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ មាន​រូប​ថត​មួយ ដែល​ខ្ញុំ​បាន​ថត ពេល​នាង​កំពុង​អង្គុយ​យ៉ាង​រីក​រាយ នៅ​ក្នុង​ផ្លែល្ពៅ​ដ៏​ធំ​មួយ​ផ្លែ ដែល​ខ្ញុំ​បាន​ទិញ​ពី​កសិករ​ប្រចំា​តំបន់ ហើយ​បាន​ចោះ​ឲ្យ​ប្រហោង​ក្នុង។ ខ្ញុំ​មាន​ចិត្ត​សប្បាយ​រីក​រាយ​ណាស់ ពេល​ឃើញ​នាង​អង្គុយ​នៅ​ក្នុង​ផ្លែ​ល្ពៅ​នោះ។ ផ្លែ​ល្ពៅ​បាន​ក្រៀម​ស្វឹត​ទៅ នៅ​សប្តាហ៍​បន្ទាប់ ប៉ុន្តែ កូន​ស្រី​ខ្ញុំ​បាន​បន្ត​លូត​លាស់ ហើយ​ចម្រើន​ឡើង។
សាវ័ក​ប៉ុល​បាន​ពិពណ៌​នា អំពី​ការ​ស្គាល់​សេចក្តី​ពិត ដោយ​ដឹង​ថា ព្រះ​យេស៊ូវ​ជា​នរណា។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ដល់​រូប​ថត​នោះ។ គាត់​បាន​ប្រដូច​ការ​ស្គាល់​ព្រះ​យេស៊ូវ នៅ​ក្នុង​ចិត្ត​យើង ទៅ​នឹង​ទ្រព្យ​សម្បត្តិ​ដែល​បាន​ទុក​នៅ​ក្នុង​ក្អម។ ការ​នឹក​ចំា អំពី​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន និង​កម្លាំង សម្រាប់​អត់​ទ្រាំ ក្នុង​ទុក្ខ​លំបាក ទោះ​ជា​យើង​ត្រូវ​គេ​សង្កក់​សង្កិន​គ្រប់​ជំពូក​ក៏​ដោយ(២កូរិនថូស ៤:៨)។ ពេល​គេ​វាយ​យើង​ដេក​ស្តូក តែ​មិន​ស្លាប់ យើង​អាច​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ឃើញ ព្រះ​យេស៊ូវ​មាន​ព្រះជន្ម​រស់​នៅ​ក្នុង​យើង ដោយ​សារ​អំណាច​ចេស្តា​របស់​ព្រះ​ជា​ម្ចាស់ នៅ​ក្នុង​ជីវិត​យើង(ខ.៩)។

យើង​អាច​មាន​អារម្មណ៍​នឿយ​ព្រួយ ដោយ​សារ​ទុក្ខ​លំបាក​របស់​យើង ដូច​ជា​ផ្លែ​ល្ពៅ​ដែល​ក្រៀម​ស្វិត។ ប៉ុន្តែ ក្តី​អំណរ​របស់​យើង​អាច​ចម្រើន​ឡើង ដោយសារ​ព្រះ​យេស៊ូវ ទោះ​មាន​ការ​ប្រឈម​មុខ​ទាំង​នោះ​ក៏​ដោយ។ ការ​ស្គាល់​ទ្រង់ ដោយ​ដឹង​ថា អំណាច​ទ្រង់​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​យើង គឺ​ជា​ទ្រព្យ​សម្បត្តិ ដែល​បាន​រក្សា​ទុក ក្នុង​រូបកាយ​របស់​យើង ដែល​ផុយ​ស្រួយ​ដូច​ដី​ឥដ្ឋ។ យើង​អាច​ចម្រើន​ឡើង ក្នុង​ទុក្ខ​លំបាក ដោយសារ​អំណាច​ចេស្តា​ទ្រង់ កំពុង​ធ្វើ​ការ​នៅ​ក្នុង​យើង។
អធិស្ថាន
ឱព្រះវរបិតា សូមអរព្រះគុណព្រះអង្គ សម្រាប់ការដាក់សេចក្តីពិតរបស់ទ្រង់ ក្នុងចិត្ត និងជីវិតទូលបង្គំ។ សូមជួយទូលបង្គំ ឲ្យទ្រំាទ្រ នឹងបញ្ហាដែលទូលបង្គំជួបប្រទះ ដោយពឹងអាងអំណាចចេស្តាព្រះអង្គ។ សូមឲ្យអ្នកដទៃបានឃើញទ្រង់ ធ្វើការនៅក្នុងជីវិតទូលបង្គំ ហើយស្គាល់ព្រះអង្គផងដែរ។

អំណាចចេស្តារបស់ព្រះជាម្ចាស់ កំពុងតែធ្វើការក្នុងយើង។ ដកស្រង់ចេញពីនំម៉ាណាប្រចាំថ្ងៃ