គោរពប្រតិបត្តិព្រះជាម្ចាស់ជានិច្ច

29-សីហា-2018 - ម៉ោង សូមអានព្រះគម្ពីរ ដានីយ៉ែល ៦:១០-២២
តើព្រះនៃអ្នក ដែលអ្នកគោរពជានិច្ចនោះ ទ្រង់អាចនឹងជួយឲ្យអ្នករួចពីសិង្ហបានឬទេ? ដានីយ៉ែល ៦:២០
លោក​បេនយ៉ាមីន ប៊្លូម៏(Benjamin Bloom) ដែល​ជា​អ្នក​ចិត្ត​សាស្រ្ត​ វិស័យ​អប់រំ ដែល​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ អំពី​របៀប​ជួយ​យុវជន ឲ្យ​អភិវឌ្ឍន៍​អំណោយ​ទាន​របស់​ខ្លួន។ គាត់​បាន​ធ្វើ​ការ​សិក្សា អំពី​កុមារ​ភាព​ របស់​អ្នក​សម្តែង​ល្បី​ៗ​ចំនួន​១២០នាក់ ដែល​រួម​មាន អត្ត​ពលិក សីល្បៈ​ករ និង​អ្នក​ប្រាជ្ញ​ ហើយ​ជា​លទ្ធ​ផល គាត់​បាន​រក​ឃើញ​ថា អ្នក​ទាំង​នោះ​មាន​ចំណុច​រួម​មួយ​ដែល​ដូច​គ្នា គឺ​ថា ពួក​គេ​សុទ្ធ​តែ​បាន​ចំណាយ​ពេល​វេលា​យ៉ាង​យូរ​ៗ ដើម្បី​ធ្វើ​ការ​ហ្វឹក​ហាត់ យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត។
តាម​ការ​ស្រាវជ្រាវ​របស់ លោក​ប៊្លូម បាន​ឲ្យ​ដឹង​ថា ដើម្បី​រីក​លូត​លាស់​ក្នុង​ផ្នែក​ណា​មួយ នៃ​ជីវីត​របស់​យើង យើង​ចាំ​បាច់​ត្រូវ​មាន​ការ​លត់​ដំ។ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​នៃ​សេចក្តី​ជំនឿ​របស់​យើង ជា​មួយ​ព្រះ​ជា​ម្ចាស់ យើង​ក៏​ត្រូវ​មាន​ការ​លត់​ដំ ខាង​វិញ្ញាណ ​ដោយ​ចំណាយ​ពេល​ប្រកប ឲ្យ​បាន​ទៀង​ទាត់​ជា​មួយ​ទ្រង់។ ការ​នេះ​នឹង​ជួយ​ឲ្យ​យើង​ទុក​ចិត្ត​ទ្រង់​កាន់​តែ​ខ្លាំង។
លោក​ដានីយ៉ែល គឺ​ជា​គំរូ​ដ៏​ល្អ​មួយ សម្រាប់​អ្នក​ដែល​ចង់​ដាក់​អាទិភាព ទៅ​លើ​ការ​ដើរ​ជា​មួយ​ព្រះ ដោយ​ការ​លត់​ដំ។ កាល​នៅ​ក្នុង​វ័យ​យុវជន លោក​ដានីយ៉ែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ប្រុង​ប្រយ័ត្ន និង​ប្រកប​ដោយ​ប្រាជ្ញា(១:៨)។ លោក​បាន​ប្ដេជ្ញា​ចិត្ត​ ចំពោះ​ការ​អធិស្ឋាន​យ៉ាង​ទៀង​ទាត់ ដើម្បី “អរ​ព្រះ​គុណ​ដល់​ព្រះ” (៦:១០)។ លោក​ដានីយ៉ែល​បាន​ស្វែង​រក​បំណង​ព្រះ​ទ័យ​ព្រះ​ជា​ញឹកញាប់​ នៅ​ក្នុង​ការ​រស់​នៅ បាន​ជា​មនុស្ស​នៅ​ជុំវិញ​គាត់​ ងាយ​នឹង​សម្គាល់​ថា ជីវិត​របស់​គាត់​មាន​ពេញ​ដោយ​សេចក្ដី​ជំនឿ។ តាម​ការ​ពិត ស្ដេច​ដារីយុស​បាន​ហៅ​លោក​ដានីយ៉ែល​ថា “អ្នក​បម្រើ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់” (ខ.២០) ហើយ​ទ្រង់​បាន​ហៅ​លោក​ដានីយ៉ែល ដល់​ទៅ​ពីរ​ដង ​ថា​ជា មនុស្ស​ដែល​គោរព​ប្រតិ​បត្តិ​ព្រះ​ជា​ម្ចាស់ “ជាប់​ជា​និច្ច” (ខ.១៦,២០)។
យើង​ក៏​ស្រេក​ឃ្លាន​រក​ព្រះ​ជា​ម្ចាស់ ដូច​លោក​ដានីយ៉ែល​ផង​ដែរ។ យើង​ត្រូវ​ដឹង​ថា ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​យើង ដើម្បី​ឲ្យ​យើង​មាន​ចិត្ត​ចង់​ចំណាយ​ពេល​ជា​មួយ​ទ្រង់​ជា​និច្ច!(ភីលីព ២:១៣)។ ដូច​នេះ ចូរ​យើង​ចូល​មក​ចំពោះ​ព្រះ​ជា​ម្ចាស់ ជា​រៀង​រាល់​ថ្ងៃ ហើយ​ទុក​ចិត្ត​ថា ពេល​វេលា​ដែល​យើង​ចំណាយ​ជា​មួយ​ទ្រង់ នឹង​នាំ​មក​នូវ​សេចក្តី​ស្រឡាញ់ ដែល​នឹង​ហូហៀរ​កាន់​តែ​ខ្លាំង ហើយ​ក៏​នាំ​មក​នូវ​ចំណេះ និង​ការ​យល់​ដឹង អំពី​ព្រះ​សង្រ្គោះ​នៃ​យើង​រាល់​គ្នា(ភីលីព ១:៩-១១)។

អធិស្ថាន
ឱព្រះវរបិតា ទូលបង្គំអរព្រះគុណ ព្រះអង្គ សម្រាប់ការប្រទានឲ្យទូលបង្គំមានឯកសិទ្ធិ ក្នុងការបម្រើទ្រង់។ សូមជួយទូលបង្គំ ឲ្យចេះចំណាយពេលជាទៀងទាត់ ជាមួយទ្រង់ ដើម្បីឲ្យទូលបង្គំចម្រើនឡើង ក្នុងការស្គាល់ដល់ទ្រង់កាន់តែច្បាស់ឡើងថែមទៀត។

ការចំណាយពេលជាមួយព្រះជាម្ចាស់ ធ្វើឲ្យជីវិតរបស់យើងផ្លាស់ប្រែ។
ដកស្រង់ចេញពីនំម៉ានាប្រចាំថ្ងៃ