បញ្ញត្តិទី១ៈមិនតូ្រវឲ្យឯងមានព្រះឯណាទៀតឡើយ

23-មករា-2019 - ម៉ោង 10:55:00AM ១ តើពាក្យនេះមានន័យយ៉ាងដូចម្តេច? ឯងត្រូវតែមានតែអញមួយជាព្រះរបស់ឯង។ តើពាក្យនេះ មានន័យយ៉ាងដូចម្តេច? និង តើយើងត្រូវយល់ដោយរបៀបណា? ឬតើព្រះជាម្ចាស់ជាអ្វី? ២ ចម្លើយ: ពាក្យថាព្រះ (god) មានន័យថាគឺជាអ្វីដែលយើងអាចរំពឹងថាអ្វីៗសុទ្ធតែល្អទាំងអស់ និងជាកន្លែងដែលយើងរកទីជ្រកកោនបាននៅពេលដែលយើងមានទុក្ខលំបាក។ ដូចនេះការដែលមានព្រះគឺគ្មានអ្វីក្រៅពីការទុកចិត្តនិងជឿទៅលើទ្រង់ឲ្យអស់ពីចិត្តនោះទេ។ ជារឿយៗខ្ញុំតែងតែនិយាយថា ៣ ការមានទំនុកចិត្តនិងសេចក្តីជំនឿក្នុងចិត្តតែមួយអាចធ្វើចំពោះព្រះជាម្ចាស់និងរូបព្រះ។ ប្រសិនបើសេចក្តីជំនឿ និងការទុកចិត្តរបស់អ្នកត្រឹមត្រូវ នោះព្រះរបស់អ្នកក៏ពិតផងដែរ។ ម្យ៉ាងវិញទៀត ប្រសិនបើការទុកចិត្តរបស់អ្នកខុសឆ្គង នោះអ្នកនឹងមិនអាចមានព្រះពិតជាដាច់ខាត។ សេចក្តីជំនឿនិងព្រះជាម្ចាស់គឺ នៅជាមួយនឹងគ្នា (ហេព្រើរ១១:៦) ។ ឥឡូវនេះ ខ្ញុំនិយាយថាអ្វីដែលអ្នកដាក់នៅក្នុងចិត្តរបស់អ្នកនិងដាក់ទំនុកចិត្តទៅលើនោះគឺ ពិតជាព្រះរបស់អ្នក។ ៤ គោលបំណងនៃក្រឹត្យវិន័យនេះគឺតម្រូវឲ្យមានសេចក្តីជំនឿពិតនិងការទុកចិត្ត ដែលដាក់ទៅលើ ព្រះពិតតែមួយ និងតោងភ្ជាប់លើទ្រង់តែមួយអង្គឯង។ វាដូចជាការនិយាយថា “ចូរសាកល្បងជាមួយនឹង អញ នៅពេលដែរឯងបានលើកអញជាព្រះតែមួយរបស់ឯងហើយមិនស្វែងរកព្រះដ៏ទៃ”។ យើងអាច និយាយម្យ៉ាងទៀតថា៖ “បើអ្នកខ្វះខាតនូវរបស់ដែលល្អ ចូររំពឹងរបស់នោះពីអញចុះ។ ចូរក្រលេកមកអញ ដើម្បីរបស់នោះ។ ហើយនៅពេលណាដែលអ្នករងការលំបាកដោយព្រោះហេតុការណ៍មិនល្អ គ្រោះថ្នាក់ ចូរមកពឹងអញ។ នោះអញនឹងប្រទានដល់ឯងបានគ្រប់គ្រាន់ និងជួយបំពេញរាល់ការខ្វះខាតរបស់ឯង។ តែកុំឲ្យចិត្តរបស់ឯងដាក់ទំនុកចិត្តទៅលើរបស់អ្វីផ្សេងនោះឡើយ”។ ៥ នៅត្រង់ចំណុចនេះ ខ្ញុំត្រូវតែបង្ហាញឲ្យបានច្បាស់។ វាអាចយល់និងឃើញបានតាមរយៈឧទាហរណ៏ ដែលយើងជួបប្រទះជារៀងរាល់ថ្ងៃជាច្រើន។ មានមនុស្សជាច្រើនបានគិតថា គាត់មានព្រះនិងរបស់ជា ច្រើនបរិបូរណ៍ ពេលដែលគាត់មានលុយនិងរបស់កម្មសិទិ្ធជាច្រើន។ គាត់មានទំនុកចិត្តទៅលើរបស់ទាំងនោះ និងអួតអំពីទ្រព្យសម្បត្តិទាំងនោះដោយភាពរឹងមុំាងនិងការធានា ដោយមិនគិតពីនរណាម្នាក់ឡើយ។ ៦ មនុស្សបែបនេះមានព្រះរបស់គាត់ឈ្មោះថា “ម៉ែមមុន” មានន័យ “ទ្រព្យសម្បត្តិ លុយ និងរបស់កម្ម សិទ្ធ” (ម៉ាថាយ៦:២៤) ដែលគាត់បានដាក់ចិត្តទៅលើវា។៧ ជាទូទៅនេះគឺជារូបព្រះនៅលើផែនដី។ អស់អ្នកណាដែលមានលុយនិងរបស់កម្មសិទ្ធច្រើននោះមានអារម្មណ៍សុវត្តិភាព (លូកា ១២:១៦-២១) និងមានចិត្តរីករាយ ដោយគ្មានការបារម្ភ គឺដូចជាគាត់កំពុងអង្គុយកណ្តាលស្ថានសួគ៌បែបនេះដែរ។ ៨ តែយ៉ាងណាមិញ អ្នកដែលគ្មានលុយមានការសង្ស័យនិងអស់សង្ឃឹម ដូចជាគាត់មិនបានស្គាល់ថាមានព្រះ។៩ មានមនុស្សតិចណាស់ ដែលអាចមានចិត្តរីករាយ ហើយមិនរអ៊ូរទាំ មិនតវ៉ា ប្រសិនបើគេគ្មានលុយនោះ។ ការចង់បានភាពសុខសួ្រលនិងចំណង់ចង់បានលុយគឺតោងជាប់ជាមួយនឹងនិស្ស័យរបស់យើងរហូតដល់យើងស្លាប់។ ១០ ដូច្នេះអស់អ្នកណាដែលទុកចិត្តនិងអួតថា គាត់មានជំនាញល្អ ប្រាជ្ញាឈ្លាសវៃ អំណាច ចំណង ទាក់ទងមិត្តភ័ក្រ្ត កិត្តិយស ក៏មានព្រះរបស់គាត់ផងដែរ ប៉ុន្តែនោះមិនមែនជាព្រះពិតនិងជាព្រះតែមួយនោះឡើយ។ សេចក្តីពិតនេះកើតឡើងដដែលៗ នៅពេលដែលយើងកត់សំគាល់ថា តើមនុស្សមានអំនួត ការធានារបៀបណានៅពេលដែលគេមានទ្រព្យសម្បត្តិច្រើន? ហើយតើពួកគេនឹងមានការអស់សង្ឃឹម បែបណានៅពេលទ្រព្យសម្បត្តិរបស់ពួកគេវិនាសអស់ ឬត្រូវបានដកហូតចេញនោះ?។ ដូចនេះខ្ញុំនិយាយឡើងវិញថាចំនុចសំខាន់នៃការពន្យល់នេះគឺថា “មានព្រះ” គឺជាការមានអ្វីមួយដែលអ្នកដាក់ចិត្តរបស់អ្នកទាំងស្រុង។ ១១ ក្រៅពីនេះទៀត ចូរគិតពិចារណាអំពីភាពងងឹតរបស់យើង ដែលពួកយើងបានអនុវត្តន៏និងការប្រព្រឹត្តក្រោមអំណាចប្រមុខនៃសាសនាកាតូលិករហូតមកដល់ពេលនេះ។ ប្រសិនបើមានអ្នកណាម្នាក់ឈឺធ្មេញ គាត់ត្រូវតែតមអាហារនិងថ្វាយតង្វាយដល់អ្នកបរិសុទ្ធអាប៉ូឡូ។ ប្រសិនបើមានគាត់ខ្លាចភ្លើង គាត់ត្រូវជ្រើសរើសអ្នកបរិសុទ្ធឡរែនជាអ្នកជំនួយរបស់គាត់។ ប្រសិនបើគាត់មានជំងឺគ្រុន គាត់ត្រូវធ្វើសម្បថទៅដល់អ្នកបរិសុទ្ធសាបាស ឬរ៉ូឈីអូ។ គឺមាននូវការប្រមាថគួរឲ្យស្អប់ខ្ពើមបែបនេះរាប់មិនអស់ ដែលមនុស្សម្នាក់ៗបានជ្រើសរើសអ្នកបរិសុទ្ធផ្ទាល់ខ្លួនសម្រាប់ថ្វាយបង្គំ និង ១២ សម្រាប់អំពាវនាវរកជាជំនួយនៅពេលដែលពួកគេមានទុក្ខលំបាកនោះ។ មនុស្សបែបនេះគឺ ដូចជាគ្រូអាបធ្មប់និងគ្រូគាថា ដែលការប្រព្រឹត្តរបស់ពួកគេជាទីស្អប់ខ្ពើមជាខ្លាំង (ចោទិយកថា ១៨:៩-១២)។ គាត់បានចុះកិច្ចសន្យាជាមួយនឹងអារក្ស ដើម្បីឲ្យអារក្សផ្តល់ឲ្យគាត់នូវទ្រព្យសម្បត្តិជាច្រើន ឬជួយពួកគេក្នុងរឿងស្នេហា ដើម្បីការរក្សាហ្វូងសត្វរបស់ពួកគេ រកទ្រព្យសម្បត្តិ ដែលពួកគេបានបាត់បង់មកវិញ និងកិច្ចការជាច្រើនទៀត។ ចំពោះមនុស្សបែបនេះបានដាក់ចិត្តរបស់ពួកគេ និងទុកចិត្តទៅលើអ្វីមួយផ្សេងទៀត ជាជាងទៅលើព្រះពិត។ ពួកគេមើលទៅទ្រង់គ្មានអ្វីល្អ ហើយពួកគេក៏មិនស្វែងរកការល្អពីទ្រង់ដែរ។ ១៣ ដូច្នេះ អ្នកអាចយល់បានយ៉ាងងាយអំពីអ្វីដែលជាការតម្រូវរបស់ក្រឹត្យវិន័យនេះ។ ចិត្តទាំងមូល របស់មនុស្សម្នាក់និងទំនុកចិត្តរបស់គាត់ត្រូវតែដាក់ទៅលើព្រះជាម្ចាស់តែមួយគត់និងមិនដាក់ទៅ លើនរណាម្នាក់ទៀតនោះឡើយ។ ដោយព្រោះការដែលមានព្រះជាម្ចាស់បានសម្តែងឡើយ អ្នកអាចមើលឃើញបានយ៉ាងងាយ មិនមែនដោយការចាប់កាន់ទ្រង់ជាមួយនឹងដៃរបស់យើង ឬក៏ដាក់ទ្រង់ចូលទៅក្នុងកាបូប “ដូចជាលុយ” ឬក៏ចាក់សោរទ្រង់ទុកក្នុងទ្រុង ១៤ “ដូចជាគ្រឿងមានប្រាក់” ។ តាមពិតទៅការដែលមានទ្រង់គឺមានន័យថាចិត្តកាន់ភ្ជាប់ជាមួយនឹងទ្រង់ និងងាកបែររកទ្រង់ ១៥។ ការភ្ជាប់ជាមួយទ្រង់ ដោយចិត្តគឺគ្មានអ្វីក្រៅពីការទុកចិត្តទៅលើទ្រង់ទាំងស្រុងនោះទេ។ ដោយព្រោះមូលហេតុនេះហើយ ព្រះជាម្ចាស់ទ្រង់មានព្រះហឫទ័យចង់បង្វែរយើងចេញពីអ្វីៗទាំងអស់ដែលមិននៅក្នុងទ្រង់ចេញពីខ្លួនយើងហើយ នាំយើងមកឯទ្រង់វិញ (យូហាន ៦:៤៤)។ ព្រោះថាទ្រង់គឺជាជីវិតអស់កល្ប (ម៉ាថាយ ១៩:១៧) ។ គឺវាដូចជាអ្វីដែលទ្រង់ចង់មានព្រះបន្ទូលថា៖ “អ្វីៗដែលអ្នកបានសុំដល់ពួកបរិសុទ្ធ ឬអ្វីៗដែលអ្នកដែលអ្នកបានទុកចិត្តទៅលើមានដូចជាលុយ ឬរបស់អ្វីផ្សេងទៀតនេះ ចូរសង្ឃឹមនឹងថានឹងបានពីអញមក។ ចូរគិតថាអញជាមនុស្សម្នាក់ដែលនឹងជួយដល់ឯង និងចាក់ប្រទានពរដ៏បរិបូរណ៍ សម្រាប់ឯងនូវគ្រប់របស់ទាំងអស់”។ ១៦ ចូរមើលចំណុចនេះ អ្នកអាចមានអត្ថន័យនៃការគោរពនិងការថ្វាយបង្គំព្រះពិត ដែលធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ និងជាការដែលទ្រង់បានបង្គាប់បញ្ជាមកដែលស្ថិតនៅក្រោមសេចក្តីក្រោធអស់កល្បជានិច្ច។ ចិត្តរបស់យើងមិនបានស្គាល់សេចក្តីសុខសាន្ត ឬការទុកចិត្តទៅលើអ្វីក្រៅពីទ្រង់នោះទេ។ យើងមិនត្រូវដើរតាមរសាច់ឈាមរបស់យើង ដែលអាចដាច់ចេញពីទ្រង់នោះឡើយ។ តែដោយព្រោះតែព្រះនាមរបស់ទ្រង់ អ្នកត្រូវតែហ៊ាន ហើយមិនទទួលស្គាល់របស់អ្វីក្នុងលោកីយ៍នេះជាដាច់ខាត។១៧ ម្យ៉ាងទៀតនោះ អ្នកអាចឃើញ ហើយមានអារម្មណ៍ដែលថា លោកីយទាំងមូលប្រព្រិត្តិតែការថ្វាយបង្គំដែលខុសឆ្គងនិងថ្វាយបង្គំរូបព្រះ។ ព្រោះគ្មានណាមនុស្សណាម្នាក់ដែលមិនពុករលួយនោះទេ សូម្បីតែពួកគេមិនចាប់ផ្តើមបន្តការថ្វាយបង្គំព្រះផ្សេងៗសោះក៏ដោយ។ មនុស្សគ្រប់រូបបានផ្តើមតាំងរូបព្រះជាម្ចាស់ជាពិសេសរបស់ខ្លួនដោយនូវអ្វីៗដែលពួកគេអាចស្វែងរកបាន ការប្រទានពរ ជំនួយ និងការកំសាន្តចិត្តរបស់ពួកគេ។ ១៨ ឧទាហរណ៍ អ្នកដែលមិនជឿទៅលើព្រះ ដែលបានដាក់ការទុកចិត្តរបស់ពួកគេទៅលើអំណាចនិងការត្រួតត្រាបានលើកតម្កើងដល់ ភពជូពីទ័័រ ជាព្រះដែលខ្ពង់ខ្ពស់របស់ពួកគេ។ អ្នកដ៏ទៃទៀត ដែលគិតចង់មានសុភមង្គលនិងសេចក្តីរីករាយក្នុងជីវិតបានលើកតម្កើង ភពហឺរខ្យូ ផ្កាយព្រះពុធ ផ្កាយព្រះសុក្រ ឬព្រះដទៃទៅទៀត។ ចំពោះស្រ្តីមានផ្ទៃពោះបានលើកតម្កើង នាងឌាយអាណា ឬលូស៊ីណានិងរូបព្រះជាច្រើន ទៀត។ ដូចនេះមនុស្សគ្រប់រូបបានធ្វើរូបព្រះរបស់ខ្លួន ដែលចិត្តរបស់គេចាប់អារម្មណ៍។ ហេតុដូចនេះនៅក្នុងចិត្តរបស់អ្នកដែលមិនជឿទៅលើព្រះជាម្ចាស់ ការដែលមានរូបព្រះមានន័យថា ការទុកចិត្តនិងការជឿ។១៩ ប៉ុន្តែកំហុសរបស់គេគឺនៅក្នុងចំនុចនេះ គឺថាការទុកចិត្តរបស់គេគឺខុស ហើយជាការថ្វាយបង្គំខុសឆ្គង។ ព្រោះថាការទុកចិត្តរបស់ពួកគេមិនមែនទៅលើព្រះពិតតែមួយ ដែលក្រៅពីទ្រង់នោះពិតជាគ្មានព្រះពិតឯណាទៀតទេ នៅលើស្ថានសួគ៌និងផែនដីនេះ (អេសាយ ៤៤:៦)។ ២០ ហេតុដូចនេះ អ្នកមិនជឿទៅលើព្រះជាម្ចាស់បានបង្កើតនូវការយល់របស់ពួកគេដោយខ្លួនឯង និងយល់សប្តិអំពីព្រះជាម្ចាស់ថាជារូបព្រះ។ ជាចុងក្រោយនោះ ពួកគេបានដាក់ការទុកចិត្តរបស់គេ ទៅលើការដែលគ្មានន័យអ្វីសោះ ២១ ហេតុនេះគេមានតែការថ្វាយបង្គំរូបព្រះទាំងអស់។ វាមិនត្រឹមតែ កើតមានដោយសារតែការឆ្លាក់រូបនិងការថ្វាយបង្គំប៉ុណ្ណោះទេ តែវាកើតឡើងចេញពីចិត្តរបស់ពួកគេផ្ទាល់។ ចិត្តរបស់ពួកគេបែរទៅរករបស់មួយផ្សេងទៀតគឺ ចិត្តនោះស្វែងរកជំនួយនិងការកំសាន្តចិត្តចេញពីរបស់ទាំងឡាយដែលព្រះបានបង្កើត អ្នកបរិសុទ្ធ ឬអារក្ស គឺមិនខ្វល់ខ្វាយចំពោះព្រះជាម្ចាស់ ឬក្រលេកមើលទៅទ្រង់ដើម្បីការប្រសើរនោះឡើយ ហើយមិនជឿថាទ្រង់មានព្រះហឫទ័យចង់ជួយទេ។ ចិត្តរបស់ពួកគេមិនបានជឿថា គ្រប់របស់ល្អទាំងអស់គឺមកពីព្រះជាម្ចាស់ (យ៉ាកុប ១:១៧) នោះឡើយ។ ២២ ក្រៅពីនេះ នៅមានការថ្វាយបង្គំខុសឆ្គង និងការថ្វាយបង្គំរូបព្រះជាច្រើនទៀត ដែលយើងបានអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ននេះ។ សេចក្តីនេះគឺជាការធម្មតានៃលោកីយនេះ។ វាទាក់ទងជាមួយនឹងបញ្ញាចិត្តតែមួយ ដែលស្វែងរកជំនួយ ការកំសាន្តចិត្ត និងសេចក្តីសង្គ្រោះនៅក្នុងការងាររបស់ខ្លួន។ បញ្ញាចិត្តនេះស្រមើស្រមៃថា វាអាចច្បាំងយកស្ថានសួគ៌ពីព្រះបាន ហើយគិតថាតើមានសំណើរប៉ុន្មានហើយដែលបានធ្វើ? តើមានការតមអាហារប៉ុន្មានដង? តើមានការទទួលពិធីម៉ាស់ប៉ុន្មានដង? ។ល។ ដោយការពឹងផ្អែកទៅលើកិច្ចការទាំងអស់នេះហើយដែលធ្វើឲ្យពួកគេមានអំនួត វាហាក់បីដូចជាពួកគេមិនបានទទួលរបស់អ្វីដែលជាអំណោយទានរបស់ព្រះជាម្ចាស់ទៅវិញ។ ពីព្រោះថាពួកគេចង់ស្វែងរក ឬសន្សំការល្អដើម្បីទៅស្ថានសួគ៌ជាមួយនឹងការប្រព្រឹត្តិល្អរបស់ពួកគេ។ បញ្ញាចិត្តធ្វើសកម្មភាព ដែលហាក់បីដូចជាថាព្រះជាម្ចាស់ត្រូវតែមកបំរើយើង ហើយទ្រង់គឺជាអ្នកជាប់បំណុលរបស់ ២៣ យើង ហើយយើងបែរត្រឡប់ជាចៅហ្វាយរបស់ទ្រង់ទៅវិញ។ តើនេះមិនមែនជាការបន្ទាបព្រះជាម្ចាស់ទៅជារូបព្រះ ជាការពិតណាស់ជារូបព្រះដូចជាផ្លែប៉ោម ហើយលើកតម្កើងខ្លួនរបស់យើងជាព្រះខ្លួនឯងទេឬអី? ប៉ុន្តែនៅត្រង់ចំណុចេះគឺមានភាពស៊ីជម្រៅបន្តិច ហើយវាមិនមែនសម្រាប់ក្មេងៗនោះទេ។ ២៤ ចូរបញ្ជាក់ ចំណុចខាងក្រោមនេះឲ្យមានភាពច្បាស់លាស់ចំពោះពួកជំនុំក្នុងព្រះវិហារ បន្ទាប់មកពួកជំនុំអាចកត់ចំណាំនិងចងចាំបានយ៉ាងល្អនូវអត្ថន័យនៃក្រឹត្យវិន័យនេះ៖ ពួកយើងត្រូវតែទុកចិត្តលើព្រះជាម្ចាស់តែមួយ ស្វែងរកទ្រង់ហើយនឹងសង្ឃឹមថានឹងបានទទួលការល្អពីទ្រង់ ជាព្រះដែលប្រទានដល់យើងនូវរូបរាងកាយ ជីវិត អាហារ ទឹក សុខភាពល្អ ការការពារ សេចក្តីសុខសាន្ត និងរបស់ទាំងឡាយដែលមានភាពចាំបាច់សម្រាប់ជីវិតនេះ និងជីវិតអស់កល្បជានិច្ច។ ជាមួយនឹងគ្នានោះ ទ្រង់បានរក្សាយើងឲ្យចាកចាញឆ្ងាយពីការអាក្រក់ទាំងឡាយ ហើយបើមានការអ្វីអាក្រក់ធ្លាក់មកលើយើងនោះ ទ្រង់នឹងជួយសង្គ្រោះពួកយើងមិនខាន។ ដូចនេះ មានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ (ដែលទ្រង់មានព្រះបន្ទូលគ្រប់គ្រាន់) ដែលពួកយើងអាចទទួលរបស់ល្អទំាងអស់និងដោយសារតែទ្រង់នោះ យើងអាចជួយចាកផុតពីសេចក្តីអាក្រក់ទាំងឡាយ។២៥ ដូចនេះ ខ្ញុំគិតថាយើងដែលជាជនជាតិអាឡឺម៉ង់ ចាប់តាំងពីដើមមកបានឲ្យឈ្មោះរបស់ “ព្រះជាម្ចាស់” (សមរម្យនិងល្អជាងភាសាផ្សេងៗ) ចេញពីពាក្យ “ល្អ” ។ វាហាក់បីដូចជាថា ទ្រង់គឺជាប្រភពអស់កល្បជានិច្ច ដែលមានចេញមកតែសេចក្តីល្អ ហើយចេញពីប្រភពនោះ គឺហូរចេញមកតែសេចក្តីល្អ។ ២៦ ទោះបើយើងបានទទួលនូវបទពិសោធន៍អំពីការល្អជាច្រើនមកពីមនុស្សដ៏ទៃ តែអ្វីៗដែលយើងបានទទួលពីក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ឬការរៀបចំទាំងអស់គឺទទួលមកពីព្រះជាម្ចាស់ ដោយព្រោះថាឪពុកម្តាយ អ្នកដឹកនាំទាំងអស់ អ្នកដ៏ទៃទៀតនោះ និងការគោរពពីអ្នកជិតខាងគឺ យើងបានទទួលពីការបង្គាប់ពីព្រះជាម្ចាស់ដោយទ្រង់មានព្រះបន្ទូលថា ពួកគេគួរតែធ្វើការល្អមកលើយើង ។ ដូចនេះ យើងមិនមែនទទួលការប្រទានពរនេះពីពួកគេទាំងនោះទេ តែតាមរយៈពួកគេ។ ព្រោះថារបស់ដែលព្រះបង្កើតគឺគ្រាន់តែជាដៃ ជាចរន្ត នឹងជាមធ្យោបាយដែលព្រះជាម្ចាស់ប្រទានពរទាំងអស់ដល់យើងប៉ុណ្ណោះ។ ដូចនេះទ្រង់បានប្រទានដល់អ្នកម្តាយនូវដោះទាំងគូរ និងមានទឹកដោះសម្រាប់ផ្តល់ទៅឲ្យដល់កូនរបស់គាត់ ហើយទ្រង់បានប្រទានគ្រាប់ពូជនិងរុក្ខជាតិជាច្រើនទៀត ដែលចេញពីដីសម្រាប់មនុស្សនឹងសត្វទាំងអស់ (ទំនុកតម្កើង ១០៤: ២៧- ២៨ ១៤៧: ៨-៩)។ គ្មានការប្រទានពរណាមួយ នៅក្នុងចំណោមការប្រទានពរទាំងនេះអាចបង្កើតបានដោយសារវត្ថុដែលបង្កើតដោយព្រះជាម្ចាស់នោះទេ។ ២៧ ដូចនេះ គ្មាននរណាម្នាក់អាចរំពឹងថា យកឬផ្តល់របស់អ្វីលើកលែងតែរបស់អ្វីដែលព្រះជាម្ចាស់ មានព្រះបន្ទូលបង្គាប់ប៉ុណ្ណោះ។ បន្ទាប់មក គឺយើងអាចទទួលស្គាល់ថាជាអំណោយទានរបស់ព្រះជាម្ចាស់ ហើយការអរព្រះគុណអាចនឹងថ្វាយទៅទ្រង់សម្រាប់ការប្រទានពរ ដូចជានៅក្នុងក្រឹត្យវិន័យ នេះបានតម្រូវឲ្យធ្វើ។ ដោយព្រោះមូលហេតុនេះ វិធីដែលយើងអាចទទួលបានអំណោយទានល្អពីរបស់អ្វីដែលព្រះជាម្ចាស់បានបង្កើតមិនត្រូវបដិសេធនោះតែ។ ហើយយើងក៏មិនត្រូវស្វែងរកវិធីដ៏ទៃទៀត និងមធ្យោបាយអ្វីដែលលើសពីការដែលព្រះជាម្ចាស់បានបង្គាប់មកដែរ ពីព្រោះថានេះមិនមែនជាការដែលទទួលមកពីព្រះជាម្ចាស់នោះទេ តែជាការស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ ២៨ ចូរឲ្យមនុស្សទាំងអស់មើលនិងឲ្យតម្លៃក្រិត្យវិន័យនេះខ្ពស់ជាងអ្វីៗទាំងអស់។ ចូរកុំគិតថាវាជា ការកំប្លែងឲ្យសោះ! ចូរសួរនិងពិនិត្យទៅលើចិត្តរបស់អ្នកឲ្យបានល្អ (២ កូរិនថូស ១៣:៥) ហើយអ្នកនឹងអាចស្វែងរកេឃើញថា អ្នកសម្លឹងទៅព្រះជាម្ចាស់តែមួយអង្គ ឬមិនមែន។ ប្រសិនបើ អ្នកមានចិត្តដែលគ្មានរំពឹងអ្វីក្រៅពីទ្រង់ ក្រៅពីសេចក្តីល្អមកពីទ្រង់ ជាពិសេសនៅក្នុងភាពក្រីក្រនិងទុក្ខលំបាក និងចិត្តដែលបានប្រកាស និងបំភ្លេចនូវសេចក្តីអ្វីៗដែលមិនមកពីព្រះ នោះអ្នកនឹងមានព្រះពិតតែមួយ។ តែផ្ទុយទៅវិញ ប្រសិនបើចិត្តរបស់អ្នកបានតោងភ្ជាប់ទៅនឹងអ្វីមួយផ្សេងទៀតដែលអ្នករំពឹងថានឹងទទួលការល្អ ហើយជាជំនួយជាជាងការទទួលមកពីព្រះនោះ ហើយបើសិនជាចិត្តរបស់អ្នក មិនរកទ្រង់ជាទីពឹងជ្រកនោះទេ តែបានគេចពីទ្រង់ នៅពេលដែលមានបញ្ហា នោះអ្នកនឹងមានរូបព្រះជាព្រះមួយដ៏ទៃទៀតមិនខាន។ ២៩ ព្រះជាម្ចាស់នឹងមិនឲ្យ ក្រិត្យវិន័យនេះបោះចោលទៅក្នុងខ្យល់នោះឡើយ។ ទ្រង់នឹងធ្វើការបង្ខំ នូវក្រិត្យវិន័យនេះ ដើម្បីឲ្យពួកគេបានដឹងពីក្រិត្យវិន័យនេះ ទ្រង់បានបន្ថែមទៀតថា (ក) ការគំរាមកំហែងដែលគួរឲ្យភ័យខ្លាច (ខ) សេចក្តីសន្យានៃការកំសាន្តចិត្តដែលពិត។ សេចក្តីសន្យានេះក៏ត្រូវបានបង្រៀនទៅដល់ក្រុមយុវជនផងដែរ (ចោទិយកថា ៦:៧) ដែលអាចឲ្យពួកគេអាចយកដាក់ក្នុងចិត្តនិងប្រកាន់ភ្ជាប់នូវក្រឹត្យវិន័យនេះ។ “ការពន្យល់បនែ្ថមអំពីក្រិត្យវិន័យទី១” ៣០ ក៏កុំឲ្យក្រាបសំពះនៅចំពោះមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមនោះឡើយ ត្បិតអញជា យេហ៊ូវ៉ា ជាព្រះនៃឯងអញមានសេចក្តីប្រច័ណ្ឌ ក៏ទំលាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅ រហូតដល់៣ទៅ៤ដំណរផង ចំពោះអស់អ្នកណាដែលស្អប់អញ។ តែអញនឹងផ្តល់សេចក្តី សប្បុរសដល់ទាំងពាន់ដំណរ នៃពួកអ្នកដែលស្រលាញ់ ហើយកាន់តាមបញ្ញាតិរបស់អញទាំងប៉ុន្មានវិញ (និក្ខមនំ ២០ ៥-៦)។ ៣១ ពាក្យទាំងនេះជាប់ទាក់ទងជាមួយនឹងក្រិត្យវិន័យទាំងអស់ (យើងនឹងរៀនបន្តបន្ទាប់)។ បទគម្ពីរទាំងនេះចូលរួមជាមួយនឹងក្រឹត្យវិន័យទី១ដែរ ពីព្រោះវាមានសារះសំខាន់ណាស់ ដែលអាចធ្វើឲ្យការគិត របស់មនុស្សមានភាពត្រឹមត្រូវជាមុន។ ពីព្រោះថា បើក្បាលមានភាពត្រឹមត្រូវហើយនេះ ជីវិតទាំងមូលរបស់យើងក៏ ៣២ មានភាពត្រឹមត្រូវដែរ តែផ្ទុយទៅវិញ បើសិនក្បាលមិនមានភាពត្រឹមត្រូវនោះខ្លួនរបស់យើងទាំងមូល ក៏មិនមានភាពត្រឹមត្រូវដែរ។ ដូចច្នេះ ចូររៀនអំពីពាក្យទាំងនេះថា តើព្រះជាម្ចាស់មានសេចក្តីក្រោធបែបណាចំពោះអ្នកដែលមានសេចក្តីទុកចិត្តទៅលើរបស់អ្វីៗផ្សេងៗមិនមែនជាទ្រង់នោះ? និងចូររៀនឲ្យបានដឹងថា តើទ្រង់ល្អនិងមានព្រះទ័យសប្បុរសបែបណា ទៅដល់ពួកអ្នកដែលទុកចិត្តទៅលើទ្រង់តែមួយជាមួយនឹងចិត្ត ៣៣ របស់ពួកគេ? (ចោទិយកថា ៦:៥) ។ សេចក្តីក្រោធរបស់ទ្រង់នឹងមិនបពា្ឈប់ឡើយរហូតដល់ជំនាន់ទី៤ ដែលពួកគេស្អប់ដល់ទ្រង់។ ទ្រង់មានបន្ទូលបែបនេះ ដើម្បីកុំឲ្យអ្នករស់នៅក្នុងការធានា និងបណ្តាលឲ្យខ្លួនរបស់អ្នកធ្លាក់ទៅក្នុងឪកាសដូចជាមនុស្សសាហាវមួយចំនួនដែលគិតថា វាមិនមានភាពខុសប្លែកគ្នាអ្វីនោះទេចំពោះការរស់នៅរបស់ពួកគេនោះ។ ម្យ៉ាងវិញទៀតនោះ សេចក្តីល្អនិង ៣៤ សេចក្តីសប្បុរសរបស់ទ្រង់នឹងបានទៅដល់មនុស្សរាប់ពាន់នាក់។ ទ្រង់គឺជាព្រះដែលនឹងមិនមើលរំលង ចំពោះមនុស្សដែលបែបចេញពីទ្រង់នោះទេ។ ទ្រង់នឹងមិនបញ្ឈប់សេចក្តីក្រោធរបស់ទ្រង់នោះទេ រហូតដល់កូនចៅជំនាន់ទី៤ សូម្បីតែដល់ពេលដែលពួកគេត្រូវវិនាសសាបសូន្យក៏ដោយ។ ដូចនេះយើងត្រូវតែមានសេចក្តីកោតខ្លាចចំពោះទ្រង់ និងមិនត្រូវប្រមាថដល់ទ្រង់នោះទេ (ចោទិយកថា ១០:២០) ។ ៣៥ ទ្រង់ក៏បានធ្វើឲ្យមានភាពល្បីល្បាញទៅដល់គ្រប់ទាំងប្រវត្តិសាស្រ្តទាំងអស់ ដូចជាអ្វីដែលព្រះគម្ពីរបានសម្តែងឡើងមក និងនៅក្នុងបទពិសោធន៍ប្រចាំថ្ងៃនៅតែបង្រៀនដល់ពួកយើងនៅឡើយ។ ចាប់តាំងពីដើមមកទ្រង់បានដកទាំងឫសនៃការថ្វាយបង្គំរូបព្រះ។ ពីព្រោះតែការថ្វាយបង្គំរូបព្រះ ទ្រង់បានបំផ្លាញទាំងសាសន៍យូដានិងសាសន៍ដ៏ទៃ។ រហូតមកដល់ពេលនេះ ទ្រង់បានបំផ្លាញរាល់ការថ្វាយបង្គំខុសឆ្គងទាំងអស់ ដូចនេះអស់អ្នកណាដែលស្ថិតនៅក្នុងការថ្វាយបង្គំខុស ទីបំផុតនឹងត្រូវវិនាស (២ ពង្សាវតារក្សត្រ៧:១៩-២០)។ ៣៦ សេចក្តីអំណួត អំណាច និងអ្នកមាននៅលើលោកីយ៍នេះ “sadana palians និង Phalarides ដែលមានទ្រព្យច្រើនជាងសាសន៍ Persians ទៅទៀតនោះ”។ ពួកគេមានអំណួត ដោយភាពរឹងទទឹង ដោយព្រោះតែមាសប្រាក់របស់ពួកគេ។ ជាចុងក្រោយនោះ ពួកគេមិនបានគិតថា តើព្រះជាម្ចាស់មានសេចក្តីក្រោធ ឬមានព្រះភ័ក្រ្តញញឹមដាក់ពួកគេឬអត់? ។ ពួកគេហ៊ានទ្រាំទ្រជាមួយនឹងសេចក្តីក្រោធរបស់ទ្រង់ តែពួកគេមិនអាចមានជ័យជំនះនោះឡើយ។ នៅមុនពេលដែលពួកគេមានការភ្ញាក់រលឹកនោះ ពួកគេនឹងវិនាសជាមួយនឹងរបស់ដែលពួកគេបានដាក់ទំនុកចិត្ត។ អ្នកដ៏ទៃទៀត ទាំងអស់បានវិនាសតាមរបៀបនេះ ព្រោះពួកគេគិតក្នុងខ្លួនរបស់ពួកគេថា គេមានអំណាចឬការធានាប្រសើរជាងមានព្រះជាម្ចាស់។ ៣៧ មនុស្សក្បាលរឹងបែបនេះគិតថា ព្រះជាម្ចាស់បានមើលរំលង និងប្រទានឲ្យពួកគេដើម្បីសម្រាក នៅក្នុងទីដែលមានសុវត្តិភាព ឬក៏ថាទ្រង់ពិតជាមិនបានយល់ ឬខ្វល់ខ្វាយអំពីបញ្ហាបែបនេះទេ។ ហេតុដូចនេះព្រះជាម្ចាស់ត្រូវតែដោះស្រាយដោយសេចក្តីក្រោធនិងដាក់ទោសទៅលើពួកគេ ដើម្បីកុំឲ្យពួកគេភ្លេចនូវអំពីបាបរបស់គេរហូតដល់ដំណរចៅ ចៅទួតរបស់ពួកគេ។ តាមរយះវិធីនេះ មនុស្សរាល់គ្នាអាចកត់ចំណាំ ហើយមើលឃើញថា វាមិនមែនជារឿងកំប្លែងសម្រាប់ទ្រង់នេះឡើយ។ ៣៨ ពួកទាំងនេះគឺជាមនុស្សដែលទ្រង់មានព្រះបន្ទូលទៅថា “ចំពោះអស់អ្នកណាដែលស្អប់អញ” (និក្ខមនំ២០:៥) គឺមានន័យថាអស់អ្នកដែល មានភាពរឹងទទឹងដោយសារចិត្តមានះនិងអំណួតរបស់ពួកគេ។ គ្រប់ទាំងសេចក្តីអធិប្បាយ ឬការនិយាយទៅកាន់ពួកគេ នោះពួកគេនឹងមិនស្តាប់យើងឡើយ។ នៅពេលដែលពួកគេត្រូវបានស្តីបន្ទោស ដើម្បីឲ្យពួកគេអាចរៀននិងដឹងអំពីខ្លួន ហើយដើម្បីធ្វើការផ្សះផ្សា នៅមុនពេលដែលការដាក់ទោសបាននេះចាប់ផ្តើមនោះ ពួកគេបែរក្លាយទៅជាឆ្គួតនិងល្ងីល្ងើទៅវិញ។ ពួកគេពិតជាសមនឹងទទួលនូវសេចក្តីក្រោធ ដូចដែលពួកយើងបានឃើញជារៀងរាល់ថ្ងៃតាម រយះអ្នកត្រួតត្រា (Bishop) និងអ្នកអង្គម្ចាស់ជាពិតប្រាកដ។ ៣៩ ប៉ុន្តែផ្ទុយពីការគំរាមកំហែងដែលគួរឲ្យរន្ធត់បែបនេះ គឺមានអំណាចដែលខ្លាំងជាងក្នុងការកំសាន្តចិត្តនៃសេចក្តីសន្យា។ អស់អ្នកណាដែលតោងភ្ជាប់ទៅព្រះជាម្ចាស់តែមួយគួរតែមានភាពប្រាកដថាទ្រង់នឹបង្ហាញ ដល់ពួកគេនូវសេចក្តីមេត្តាករុណា។ ម្យ៉ាងវិញទៀត ទ្រង់នឹងបង្ហាញដល់ពួកគេនូវសេចក្តីល្អដែលបរិសុទ្ធ និងការប្រទានពរមិនត្រឹមតែខ្លួនរបស់ពួកគេប៉ុណ្ណោះទេ តែទៅដល់កូនចៅតំណរក្រោយរបស់ពួកគេទៅទៀតរាប់ពាន់ជំនាន់ទៀត។ ៤០ សេចក្តីទាំងនេះគួរតែជាភាពយ៉ាងប្រាកដ មួយដើម្បីដាស់ចិត្តនិងបង្ខំយើងដើម្បីដាក់ចិត្តរបស់យើងទាំងអស់ទៅលើព្រះជាម្ចាស់ (ហេព្រើរ ៤:១៦១០:១៩-២៣)។ ប្រសិនបើពួកយើងប្រាថ្នាចង់បាននូវសេចក្តីល្អលើលោកីយ៍ និងអស់ជីវិតលក្បជានិច្ចនោះ។ ចំពោះការថ្វាយដែលមានភាពខ្ពង់ខ្ពស់បែបនេះគឺធ្វើឡើងសម្រាប់ព្រះជាម្ចាស់ដ៏មានអំណាចេស្តារ ដែលទ្រង់មានសេចក្តីសន្យាសម្រាប់ពួកយើងដែលពេញបរិបូរណ៍។ ៤១ ហេតុដូច្នេះ ចូរឲ្យមនុស្សគ្រប់រូបមានភាពហ្មត់ចត់ដើម្បីយកបទគម្ពីរនេះដាក់ទៅក្នុងចិត្តរបស់ខ្លួន ដើម្បីកុំឲ្យគិតថា វាគ្រាន់តែជាសំដីរបស់មនុស្សជាអ្នកនិយាយឡើយ។ ចំពោះអ្នកវាជាសំនួរមួយអំពីការប្រទានពរអស់កល្បជានិច្ច សុភមង្គល និងសេចក្តីសង្រ្គោះ ឬសេចក្តីក្រោធដែលអស់កល្បជានិច្ច សេចក្តីលំបាក និងទុក្ខវេទនា។ តើមានអ្វីដែលអ្នកចង់បាន ឬចង់មានជាងការដែលព្រះជាម្ចាស់មានបន្ទូលសន្យា ដោយសេចក្តីសប្បុរសដើម្បីក្លាយទៅជាការប្រទានពរ និងការការពារ ជួយអ្នកនៅពេលដែលអ្នកត្រូវការទ្រង់នោះ?។ ៤២ តែអ្វីដែលជាជោគវាសនាមិនល្អ និងជាភាពបរាជ័យនោះគឺ លោកីយ៍ទាំងមូលមិនជឿទៅលើការទាំងអស់នេះទេ ហើយក៏មិនបានចាត់ទុកវាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ សម្រាប់លោកីយ៍ គេមើលឃើញថា អស់អ្នកដែលទុកចិត្តទៅលើព្រះជាម្ចាស់ ហើយមិនទុកចិត្តទៅលើទ្រព្យសម្បត្តិនោះគឺមានការខ្វល់ខ្វាយនិងខ្វះខាតយ៉ាងខ្លាំង នេះហើយជាការដែលអារក្សប្រឆាំងជាមួយនឹងពួកគេដែលមិនព្រមចុះចូល។ ពួកគេគ្មានលុយ មិនបានទទួលការពេញចិត្ត គ្មានកិត្តិយស ហើយនឹងពិបាកក្នុងការរកប្រាក់ដើម្បីផ្គត់ផ្គង់ជីវិតរបស់ពួកគេ។ តែយ៉ាងណាមិញ អស់អ្នកដែលជាអ្នកបំរើទ្រព្យសម្បត្តិ មានអំណាច មានការពេញចិត្ត មានកិត្តិយស មានទ្រព្យកម្មសិទ្ធជាច្រើន និងសេចក្តីកំសាន្តចិត្តនៅក្នុងភ្នែករបស់លោកីយ។ ដោយព្រោះតែមូលហេតុនេះហើយ ពាក្យបន្ទូលទាំងនេះត្រូវតែយល់ដើម្បីនិយាយប្រឆំាងជាមួយការកើនឡើងនៃវត្ថុទាំងនេះ។ យើងត្រូវតែគិតពិចារណាថា ពួកវាមិនមែនជាការកុហក ការបោកបញ្ឆោតនោះទេ តែវានឹងក្លាយទៅជាការពិតដែលនឹងចូលមករកយើងយ៉ាងប្រាកដ។ ៤៣ ចូរឆ្លុះបញ្ចាំងពីខ្លួនរបស់អ្នក ឬស្រាវជ្រាវ ហើយប្រាប់ដល់ខ្ញុំ៖ អស់អ្នកដែលបានប្រើប្រាស់ អស់ទាំងគំនិត ប្រាជ្ញារបស់ពួកគេដើម្បីប្រមូលនូវរបស់ និងទ្រព្យសម្បត្តិ។ តើចុងក្រោយបំផុតពួកគេអាចរកបានអ្វី? អ្នកនឹងអាចមើលឃើញថា ពួកគេបានខ្ជះខ្ជាយពេលវេលា កំលាំង និង ពលកម្មរបស់ពួកគេ ឬទោះបើជាពួកគេមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែខ្ចាត់ខ្ចាយដដែល (លូកា ១២:១៦-២១)។ ដូចនេះពួកគេផ្ទាល់មិនដែលបានរកឃើញនូវសុភមង្គលក្នុងទ្រព្យសម្បត្តិរបស់ពួកគេឡើយ ហើយបន្ទាប់មកទ្រព្យសម្បត្តិទាំងនោះអាចឈានទៅដល់ជំនាន់ទី៣នៃកូនចៅបានឡើយ។ ៤៤ អ្នកអាចស្វែងរកឃើញគំរូជាច្រើននៅក្នុងប្រវត្តិសាស្រ្ត តាមរយៈការចងចាំ តាមរយៈមនុស្សមានបទពិសោធន៍ ដោយគ្រាន់តែមើល និងពិចារណាអំពីដំណើរជីវិតរបស់ពួកគេ។ ៤៥ ស្តេចសូលជាស្តេចមួយអង្គដែលអស្ចារ្យ ទ្រង់ត្រូវបានជ្រើសតាំងដោយព្រះជាម្ចាស់និងជាមនុស្ស ដែលស្រលាញ់ព្រះ។ ប៉ុន្តែនៅពេលដែលគាត់បានឡើងគ្រងរាជ្យ គាត់បានតាំងចិត្តរបស់គាត់ចាកចេញពី ព្រះជាម្ចាស់ តែបានដាក់ទំនុកចិត្តរបស់គាត់ទៅលើរាជ្យបល្លង្ក និងអំណាចរបស់ទ្រង់ទៅវិញ (១សាំយូអែល ៩-១៣) បន្ទាប់មកទ្រង់ត្រូវវិនាសទាំងអស់នូវអ្វីដែលគាត់មាន សូម្បីតែកូនរបស់ទ្រង់ក៏មិនមានជីវិត រស់នៅដែរ (១សាំយូអែល ៣១)។ ៤៦ តែយ៉ាងណាមិញ ស្តេចដាវីឌជាមនុស្សម្នាក់ដែលក្រ ជាមនុស្សដែលគេមើលងាយ ជាមនុស្សដែលគេតាមសម្លាប់ ដែលធ្វើឲ្យគាត់មានអារម្មណ៍ថា ជីវិតរបស់គាត់មិនអាចមានការធានាបានទេ ទោះបីជាយ៉ាងណាក៍ដោយ (១សាំយូអែល ១៩-២៩)។ តែគាត់នៅតែមានជីវិតទោះបើស្តេចសូលតាមសម្លាប់ ហើយដាវីឌបានក្លាយទៅជាស្តេច (២សាំយូអែល ២)។ ចំពោះបន្ទូលនៃសេចក្តីសន្យាទាំងនេះគឺនៅជាប់ហើយនឹងក្លាយទៅជាការពិត ដោយព្រោះព្រះជាម្ចាស់ទ្រង់មិនកុហក ឬបោកបញ្ឆោតនោះឡើយ (ទីតុស១:២)។ ចូរកុំឲ្យអារក្សនិងលោកីយនេះល្បួងអ្នក ដោយនឹងការបង្ហាញរបស់វាឡើយ ព្រោះថាវាមានតែមួយរយះពេលប៉ុណ្ណោះ តែនៅចុងក្រោយបំផុតនោះវាមិនមានអ្វីទាល់តែសោះ។ ៤៧ ចូរឲ្យយើងបានសិក្សាឲ្យបានក្បោះក្បាយអំពីក្រឹត្យវិន័យទី១ ដែលអាចធ្វើឲ្យ យើងឃើញពីរបៀបដែលព្រះជាម្ចាស់នឹងមិនអត់ទ្រាំព្រះហឫទ័យជាមួយនឹងការដាក់ទំនុកចិត្តទៅលើវត្ថុអ្វីនោះទេ។ យើងនឹងឃើញពីរបៀបដែលព្រះអង្គតម្រូវឲ្យពួកយើងមាន គ្មានអ្វីក្រៅពីការទុកចិត្តដែលចេញពីចិត្តសម្រាប់ការល្អទាំងអស់។ បន្ទាប់មកពួកយើងអាចរស់នៅដោយភាពត្រឹមត្រូវ ទៀងត្រង់ និងប្រើនូវការប្រទានពរដែលព្រះជាម្ចាស់បានប្រទានមក ដូចជាជាងស្បែកជើងដែលគាត់ប្រើប្រាស់ន ម្ជុល ដែកខៃ និងអំបោះសម្រាប់ធ្វើកិច្ចការ និងទុករបស់ទាំងនោះនៅមួយកន្លែង ឬក៏យើងអាចមានឥរិយាបថដូចជាអ្នកដំណើរដែលប្រើប្រាស់ បន្ទប់ បរិភោគចំណីអាហារ និងគ្រែដើម្បីតម្រូវនៅពេលដែលគាត់សម្រាក។ មនុស្សម្នាក់ៗអាចធ្វើកិច្ចការទាំងអស់នេះតាមរយៈការត្រាស់ហៅរបស់គាត់ ដោយយោងទៅតាមសេចក្តីបង្គាប់របស់ព្រះជាម្ចាស់ ដោយមិនអនុញ្ញាតឲ្យរបស់ទាំងឡាយនោះក្លាយទៅជាចៅហា្វយ ឬជារូបព្រះរបស់ ៤៨ គាត់ឡើយ។ សេចក្តីនេះគឺវាគ្រប់គ្រាន់សម្រាប់ក្រឹត្យវិន័យទី១ ដែលយើងបានពន្យល់យ៉ាងច្រើនមកនេះ ដោយព្រោះថាវាមានសារះសំខាន់ជាងគេ។ វាដូចជាអ្វីដែលខ្ញុំបាននិយាយពីខាងដើមថា វាជាកន្លែងណាដែលចិត្តរបស់យើងបានថ្វាយទៅព្រះដោយភាពត្រឹមត្រូវ (ចោទិយកថា ៣២:៤៦) ហើយបើក្រឹត្យវិន័យទី១នេះត្រូវបានរក្សាបានល្អ នោះក្រឹត្យវិន័យបន្តបន្ទាប់ទៀតក៏នឹងត្រូវបានរក្សាល្អផងដែរ។

1