សេចក្តីសង្រ្គោះ

24-តុលា-2018 - ម៉ោង 02:59:23PM “សេចក្តីសង្រ្គោះ”

តើអ្វីទៅជាសេចក្តីសង្រ្គោះ?
ដូចយើងបានរៀបរាប់នៅក្នុងមេរៀនទី១ និងទី២ថា មនុស្សយើងកើតមកជាប់ជាមួយបាបតាំងពីកំណើត។ ដោយព្រោះតែមូលហេតុនេះ ទើបយើងគ្មានវិញ្ញាណដែលធ្វើការល្អសោះ។ យើងមានចិត្តប្រកបដោយភាពងងឹត និងដឹកនាំទៅធ្វើការអាក្រក់ ហើយលទ្ធផលនៃអំពើបាបនឹងនាំយើង ទៅរកសេចក្តីស្លាប់អស់កល្បជានិច្ច (ស្លាប់ខាងវិញ្ញាណ និងភាពបរិសុទ្ធ) ដូចបានចែងក្នុងគម្ពីរ រ៉ូម ៦:២៣“ដ្បិតឈ្នួលរបស់អំពើបាបនោះ គឺជាសេចក្តីស្លាប់... ”។ ដោយព្រោះតែលក្ខខណ្ឌស្លាប់ខាងវិញ្ញាណរបស់យើង ដូច្នេះយើងត្រូវការ ការសង្រ្គោះដែលជាការទទួលយកសេចក្តីពិតនៃព្រះគ្រីស្ទ ដែលទ្រង់ចេញសងថ្លៃបាបរបស់យើងជាមួយនឹងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។ ការសុគតរបស់ទ្រង់គឺជាការទទួលទណ្ឌកម្មលុបលាងទោសកំហុសបាបរបស់យើង។ បាបរបស់យើងបានត្រូវអត់ទោសដោយសារព្រះ និងបានរួចផុតពីសេចក្តីក្រោធ និងការជំនុំជំរះរបស់ទ្រង់។
តើអ្នកណានឹងអាចជួយសង្រ្គោះយើងពីបាបនោះ?

សូម្បីមនុស្សណាម្នាក់ក៏គ្មានសោះ គ្មានអ្នកណាមួយនៅលើផែនដីនេះ អាចជួយសង្រ្គោះយើងអោយរួចផុតពីបាបបានសោះ លើកលែងតែព្រះគ្រីស្ទ ដែលជាព្រះរាជបុត្រាតែមួយអង្គគត់របស់ព្រះជាម្ចាស់។ ព្រះទ្រង់បានសន្យាថា ទ្រង់នឹងបញ្ជូនព្រះសង្រ្គោះមួយអង្គ ដើម្បីសង្រ្គោះយើងពីសេចក្តីស្លាប់ដែលជាលទ្ធផលនៃបាប ដូចបានចែងនៅក្នុងគម្ពីរ រ៉ូម ៨:៣២“ឯព្រះអង្គ ដែលមិនសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទ្រង់ទៅជំនួសយើងរាល់គ្នា... ”។
តើព្រះគ្រីស្ទជានរណា? ហើយតើទ្រង់នឹងសង្រ្គោះយើងដូចម្តេច?

4


ព្រះគ្រីស្ទគឺជាព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់បានបញ្ជូនអោយមកកើតជារូបភាពមនុស្ស ដោយសារអំណាចចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ចាប់កំណើតក្នុងផ្ទៃនាងព្រហ្មចារីយ៍ ឈ្មោះ ម៉ារា។ ទេវតាបានលេចមកអោយនាងព្រហ្មចារីយ៍ឃើញ ហើយមានបន្ទូលទៅកាន់នាងថា “ជំរាបសួរនាង ឱនាងដែលប្រកបដោយព្រះគុណអើយ! ព្រះអម្ចាស់ ទ្រង់គង់ជាមួយនឹងនាង” (លូកា ១:២៨)។ទេវតាបន្តនិយាយជាមួយនាងទៀតថា “មើល នាងនឹងមានគភ៌ ប្រសូតបានបុត្រាមួយ ហើយនាងត្រូវថ្វាយព្រះនាមថា យេស៊ូវ”(លូកា ១:៣១)។ ព្រះគ្រីស្ទបានប្រសូតមកដូចជាមនុស្សលោកធម្មតាដែរ ទ្រង់ថែមទាំងបានប្រសូតមកនៅកន្លែងអន់បំផុត ជាងមនុស្សភាគច្រើន ពីព្រោះមាតាទ្រង់បានដាក់ទ្រង់នៅក្នុងស្នូកសត្វ (កន្លែងដាក់ចំណីសត្វ) ទ្រង់មានតែក្រណាត់សមួយផ្ទាំងរុំតែប៉ុណ្ណោះ។ ទ្រង់បានផ្ទុំនៅក្នុងស្នូកសត្វជំនួសគ្រែកក់ក្តៅ និងទន់ល្មើយដែលទារកដទៃទៀតបានដេក។ ព្រះយេស៊ូវបានធំធាត់ទ្បើង ដូចជាក្មេងដទៃទៀតដែរ។ ពេញមួយជីវិតទ្រង់បានធ្វើតាមព្រះរាជបញ្ញត្តិរបស់ព្រះបិតា។ ទ្រង់មិនបានធ្វើបាប ក៏ដូចជាធ្វើការអ្វីមួយណា ដែលនាំអោយទ្រង់ខ្ញាល់នោះទ្បើយ។ ទ្រង់បានជួយដល់បណ្តាជនដែលធ្វើអោយគេកែប្រែចិត្តពីអំពើបាប។ ទ្រង់បានធ្វើការអស្ចារ្យជាច្រើន ដោយអំណាចចេស្តានៃធាតុជាព្រះរបស់ទ្រង់។ អ្វីៗទាំងអស់បានកើតទ្បើងតាមផែនការរបស់ព្រះ។ ព្រះយេស៊ូវគ្រីស្ទត្រូវបានគេបោះដែកគោលភ្ជាប់លើឈើឆ្កាង និងរងការឈឺចាប់ ហើយបានសុគត។ ក្រោយមក៣ថ្ងៃ ទ្រង់មានព្រះជន្មរស់ទ្បើងវិញ និងបានលេចមកអោយពួកសាវ័កទ្រង់ និងមនុស្សដទៃទៀតឃើញ ហើយទ្រង់បានគង់នៅជាមួយពួកគេអស់៤០ថ្ងៃ មុននឹងទ្រង់យាងត្រទ្បប់ទៅឯព្រះវរបិតានៅឯនគរស្ថានសួគ៌វិញ។ ការសុគតនៅលើឈើឆ្កាងរបស់ទ្រង់ បានចេញសងគ្រប់ទាំងថ្លៃបាបរបស់យើងរាល់គ្នា “តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្តីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សម្អាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់”(១យ៉ូហាន ១:៧)។
តើព្រះគ្រីស្ទទ្រង់សព្វព្រះទ័យជួយយើងគ្រប់ៗគ្នាឬ? មែនហើយ! ទ្រង់សព្វព្រះហឫទ័យជួយមនុស្សទាំងអស់នៅលើលោកិយ ទោះបីជាយើងរាល់គ្នា ឬមនុស្សដទៃទៀតក្តី ស្រ្តី បុរស កុមារ ឬពេញវ័យ ក្មេងឬចាស់ក្តី។ វាមិនជាបញ្ហាអ្វីទេ ទោះបីមនុស្សនោះបានធ្វើបាបច្រើនតាំងពីអតីតកាលក្តី។ ប្រសិនបើយើងកែប្រែចិត្តពីផ្លូវបាបរបស់យើង ហើយទទួលព្រះគ្រីស្ទជាព្រះអម្ចាស់ និងជាព្រះសង្រ្គោះ ហើយជឿថា ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង គឺជាការរងនូវទោសកំហុសបាបជំនួសយើង នោះយើងនឹងត្រូវបានសង្រ្គោះ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង យើងម្នាក់ៗត្រូវឆ្លងកាត់នូវការទុក្ខព្រួយ និងធុញទ្រាន់ពីជីវិតបែបនេះ។ តែយើងត្រូវមានការតស៊ូពុះពារ ដើម្បីស្វែងរកសុភមង្គល។ ប៉ុន្តែ ទោះយើងខំព្យាយាមយ៉ាងណា ក៏មិនបានសម្រេចដែរ វាហាក់ដូចជាយើងមិនអាចកំចាត់ចេញនូវបាបពីក្នុងចិត្តយើងបានទ្បើយ។ នោះជាបន្ទុកមួយយ៉ាងធំ ដែលយើងនាំយកទៅជាមួយជារៀងរាល់ថ្ងៃ ហើយពីមួយថ្ងៃទៅមួយថ្ងៃបន្ទុកនោះកាន់តែរីកធំទ្បើងៗ ដែលធ្វើអោយមានអារម្មណ៍ថា វាកំពុងរុញច្រានយើងអោយធ្លាក់ចុះ ហើយយើងចង់គេចពីវា។ ព្រះគ្រីស្ទ ទ្រង់ជ្រាបយ៉ាងច្បាស់ថា យើងមិនអាចយកបញ្ហា និងបន្ទុកធ្ងន់ដែលកើតមកពីបាបចេញដោយខ្លួនឯងបានទេ។ យើងបានយកវា ទៅជាប់នឹងខ្លួនអស់មួយជីវិតរបស់យើង។ ដូច្នេះហើយបានជាទ្រង់មានបន្ទូលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំ ខ្ញុំនឹងអោយអ្នករាល់គ្នាឈប់សម្រាក” (ម៉ាថាយ ១១:២៨)។

សូមអានរឿងមួយដែលបានដកស្រង់ចេញពីព្រះគម្ពីរ។ រឿងនេះនឹងអាចជួយអោយលោកអ្នក កាន់តែជឿទុកចិត្តលើព្រះគ្រីស្ទថែមទៀតៈ “ព្រះយេស៊ូវបានយាងចូលទៅក្រុងយេរីខូរ ហើយបានយាងហួសទៅ។ មានបុរសម្នាក់ឈ្មោះ សាខេ គាត់ជាប្រធានលើអ្នកយកពន្ធ ហើយជាអ្នកមានទៀតផង។ គាត់ចង់ឃើញព្រះយេស៊ូវថា តើទ្រង់មានភាពយ៉ាងដូចម្តេច?” ប៉ុន្តែ ដោយគាត់ជាមនុស្សទាបតឿ ហើយមានហ្វូងមនុស្សច្រើន នោះគាត់មិនអាចមើលឃើញទ្រង់បានទេ។ ដូច្នេះ គាត់ក៏រត់ទៅមុន ហើយស្រវាទ្បើងដើមឧទុម្ពរអោយបានឃើញទ្រង់ ព្រោះទ្រង់ត្រូវយាងមកតាមផ្លូវនោះ។

4

កាលព្រះយេស៊ូវយាងមកដល់នោះទ្រង់ងើបព្រះនេត្រទ្បើងឃើញ ហើយមានបន្ទូលទៅគាត់ថា សាខេ អ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក។ គាត់ក៏ចុះមកជាប្រញាប់ ហើយទទួលទ្រង់ដោយអំណរ។

4

កាលមនុស្សទាំងអស់បានឃើញដូច្នោះ នោះគេរអ៊ូរទាំថា លោកបានចូលទៅស្នាក់នៅក្នុងផ្ទះមនុស្សមានបាប។ ឯលោកសាខេ ក៏ឈរទូលទ្រង់ថា “មើលព្រះអម្ចាស់អើយ! ទូលបង្គំចែកទ្រព្យទូលបង្គំពាក់កណ្តាលអោយមនុស្សក្រីក្រ ហើយបើទូលបង្គំបានហូតពន្ធបំបាត់ចំពោះអ្នកណា ទូលបង្គំនឹងសងគេមួយជាបួនវិញ”។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលទៅគាត់ថា “ថ្ងៃនេះសេចក្តីសង្រ្គោះបានមកដល់ផ្ទះនេះហើយ ពីព្រោះអ្នកនេះជាពូជលោកអ័ប្រាហាំដែរ។ ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរក ហើយជួយដល់មនុស្សបាត់បង់”។ យើងឃើញថា លោកសាខេ ត្រូវបណ្តាជនហៅគាត់ថា “ជាមនុស្សមានបាប”។ ការនេះត្រូវតែដូច្នោះឯង ពីព្រោះគាត់បានបំបាត់ពន្ធពីបណ្តាជន ដោយទារលើសចំនួន ហើយទុកប្រាក់សម្រាប់ខ្លួនឯង ដូច្នេះប្រជាជនបានស្អប់គាត់។ គឺជាការពិតណាស់ ព្រះគ្រីស្ទទ្រង់ជ្រាបពីសកម្មភាពរបស់គាត់ ប៉ុន្តែទ្រង់មិនបដិសេធគាត់ទេ។ នៅពេលលោក សាខេសន្យាសងលុយដែលគាត់បានទារលើសចំនួនបួនដងវិញ នេះបង្ហាញថា គាត់បានកែប្រែពីបាបរបស់គាត់ ហើយបានក្លាយទៅជាមនុស្សថ្មី ជាមួយនឹងជំនឿទុកចិត្តលើព្រះគ្រីស្ទ។ ដោយព្រោះការនេះ ព្រះគ្រីស្ទប្រទានអោយ សាខេទទួលសេចក្តីសង្រ្គោះ។ ដោយព្រោះមូលហេតុនេះ យើងក៏អាចប្រាកដក្នុងខ្លួនយើងផងដែរថា ពេលយើងសារភាព និងកែប្រែចិត្តពីបាបរបស់យើង ហើយរង់ចាំចិត្តថ្មីមួយ និងទុកចិត្តលើព្រះគ្រីស្ទ នោះយើងនឹងទទួលសេចក្តីសង្រ្គោះអោយរួច។
តើយើងត្រូវធ្វើអ្វី ដើម្បីទទួលបានសេចក្តីសង្រ្គោះ? យើងមិនចាំបាច់ខំប្រឹងធ្វើអ្វីមួយ ដើម្បីទទួលសេចក្តីសង្រ្គោះនោះទេ។ យើងមិនអាចពឹងផ្អែកលើខ្លួនយើង ឬលើអ្វីផ្សេងនោះទេ។ គ្មានផ្លូវណាផ្សេងទៀតដែលនឹងនាំយើងទៅឯព្រះនោះទេ លើកលែងតែតាមរយៈព្រះគ្រីស្ទ ដូចបានចែងក្នុងគម្ពីរថា “ខ្ញុំជាផ្លូវ និងជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានទ្បើយ” (យ៉ូហាន ១៤:៦)។ ពេលខ្លះយើងគិតថា បើយើងខិតខំប្រឹងធ្វើការល្អអោយបានច្រើន ដើម្បីសំអិតសំអាងខ្លួនយើងអោយរួចពីបាបនោះ ព្រះទ្រង់នឹងអត់ទោសបាបយើង។ នេះគឺជាការខុសស្រទ្បះ ពីព្រោះគ្មានផ្លូវដែលយើងបានសង្រ្គោះ ដោយសារអំពើល្អរបស់យើងនោះទេ។ គឺមានតែព្រះគុណរបស់គ្រីស្ទ ដែលទ្រង់បានសុគតនៅលើឈើឆ្កាងតែម្យ៉ាងគត់ ទើបយើងអាចសង្រ្គោះរួចពីបាបបាន “ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្រ្គោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានពីព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន”(អេភេសូរ ២:៨-៩)។
នៅពេលយើងទទួលបានសេចក្តីសង្រ្គោះហើយ តើនឹងមានអ្វីកើតមានទ្បើងដល់យើង?
ពេលយើងជឿ និងទទួលព្រះគ្រីស្ទទុកជាព្រះសង្រ្គោះរបស់យើង ដែលទ្រង់បានចេញសងថ្លៃបាបរបស់យើង ដោយបានលះព្រះជន្មទ្រង់នៅលើឈើឆ្កាង យើងនឹងបានសង្រ្គោះរួចពីបាប “ដ្បិតឯព្រះអង្គដែលមិនបានស្គាល់បាបសោះ នោះព្រះទ្រង់បានធ្វើអោយត្រទ្បប់ទៅជាតួបាបជំនួសយើងរាល់គ្នាវិញ ដើម្បីអោយយើងរាល់គ្នាបានត្រទ្បប់ទៅជា សេចក្តីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង” (២កូរិនថូស ៥:២១)។ យើងនឹងបានសង្គ្រោះរួចពីសេចក្តីស្លាប់អស់កល្បជានិច្ច “តែឥទ្បូវនេះទើបនឹងសម្តែងមកដោយដំណើរព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្រ្គោះនៃយើង ទ្រង់លេចមកដែលទ្រង់បានបំផ្លាញសេចក្តីស្លាប់ ហើយបានយកជីវិត និងសេចក្តីមិនចេះស្លាប់មកដាក់នៅពន្លឺ ដោយសារដំណឹងល្អវិញ” (២ធីម៉ូថេ ១:១០)។ ហើយយើងក៏បានសង្រ្គោះរួចពីសាតាំង “តែអ្នកណាដែលប្រព្រឹត្តអំពើបាបវិញ នោះគឺមកពីអារក្សទេ ពីព្រោះអារក្សបានធ្វើបាបចាប់តាំងពីដើមរៀងមក ដោយហេតុនោះបានជាព្រះរាជបុត្រានៃព្រះបានលេចមក គឺដើម្បីនឹងបំផ្លាញការរបស់អារក្សចេញ”(១យ៉ូហាន ៣:៨)។ លទ្ធផលដែលយើងទទួលពីការសង្រ្គោះមានៈ
១.យើងជាកូន (បុត្រាបុត្រី) របស់ព្រះជាម្ចាស់ “ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់ប្រទានអំណាចអោយបានត្រទ្បប់ជាកូនព្រះ”(យ៉ូហាន ១:១២)។
២.យើងនឹងបានទទួលជីវិតអស់កល្បជានិច្ច (ជីវិតមិនចេះស្លាប់) នេះហើយគឺជាសេចក្តីបន្ទាល់នោះគឺថា “ព្រះទ្រង់បានប្រទានជីវិតដ៏នៅអស់កល្បជានិច្ច មកយើងរាល់គ្នា ហើយជីវិតនោះ គឺនៅក្នុងព្រះរាជបុត្រានៃព្រះ ឯអ្នកណាដែលមានព្រះរាជបុត្រានោះ ក៏មានជីវិតដែរ តែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេ នោះគ្មានជីវិតទ្បើយ”(១យ៉ូហាន ៥:១១-១២)។
៣. បាបរបស់យើងត្រូវបានអត់ទោសអោយ “ ឯអ្នកណាដែលជឿដល់ទ្រង់ នោះមិនជាប់មានទោសទេ តែអ្នកណាដែលមិនជឿវិញ នោះត្រូវមានទោសហើយ ពីព្រោះមិនបានជឿដល់ព្រះនាមនៃព្រះរាជបុត្រាតែ១របស់ព្រះ” (យ៉ូហាន ៣:១៨)។