“ពន្លឺនៃជីវិតដែលលោកអ្នកស្វែងរក”

22-តុលា-2018 - ម៉ោង 10:13:23AM ជីវិតរបស់យើងជាការតស៊ូពុះពារមួយនៅក្នុងភពងងឹតៈ
យើងអាចមើលឃើញថា ជីវិតរស់នៅក្នុងសង្គមបច្ចុប្បន្ន ពោពេញទៅដោយការតស៊ូពុះពារ ការវាយតប ការស្វែងរក និងការប្រកួតប្រជែង ដើម្បីដណ្តើមលុយកាក់ ទ្រព្យសម្បត្តិ កេរិ៍្តឈ្មោះ និងការងារ ហើយសូម្បីតែនៅក្នុងសាលារៀនដ៏ល្អមួយ ក៏មានការប្រកួតប្រជែងគ្នាដែរ។ យើងបានតស៊ូដើម្បីខ្លួនយើង និងសម្រាប់មនុស្សនៅក្នុងក្រុមគ្រួសាររបស់យើង ដើម្បីអោយអ្នកទាំងអស់នោះ ទទួលបាននូវសុភមង្គល និងភាពសុខស្រួលក្នុងជីវិត។ យើងចង់មានផ្ទះសមរម្យសម្រាប់ស្នាក់នៅ មានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ មានសំលៀកបំពាក់ល្អៗសម្រាប់ស្លៀកពាក់ មានលុយសម្រាប់ចាយ ។ល។
ជាការពិតណាស់ថា តាមរយៈការតស៊ូក្នុងជីវិតនេះ យើងមិនអាចរត់គិចពីបញ្ហាប្រចាំថ្ងៃក្នុងជីវិតយើងបានទ្បើយ។ បញ្ហាត្រូវតែកើតមានទ្បើងដោយព្រោះខ្លួនអ្នកផ្ទាល់ ដោយសារមនុស្សក្នុងគ្រួសារឬសាច់ញាតិ ឬមិត្តភក្តិ ឬក៏មនុស្សដទៃទៀតនិយាយទ្បើងថា “ជីវិតអីយ៉ាងនេះ! វាដូចជា ងងឹតងងល់ណាស់ ខ្ញុំមិនដឹងជាត្រូវទៅនៅឯណាទេ!”។ ពេលខ្លះព្រះគម្ពីរបានចែងអំពីបញ្ហាបែបនេះយ៉ាងដូច្នេះថា “ដ្បិតកាលពីដើម អ្នករាល់គ្នា ក៏ងងឹតដែរ តែឲទ្បូវនេះវិញបានភ្លឺក្នុងព្រះអម្ចាស់ ដូច្នេះចូរដើរដូចជាមនុស្សភ្លឺចុះ” (អេភេសូរ ៥:៨)។ ដោយសារតែមូលហេតុនេះហើយ បានជាយើងតែងតែឃើញ ឬឮដំណឹងក្រៀមក្រំពីមនុស្សដែលគ្មានទីពឹង ឬមិនអាចរកមធ្យោបាយដោះស្រាយក្នុងជីវិតបាន។ អ្នកខ្លះថែមទាំងបានសម្លាប់ខ្លួនឯង ដើម្បីរត់គេចពីបញ្ហា អ្នកខ្លះទៀតបែរជាទៅប្រើថ្នាំញៀន ដែលធ្វើអោយជីវិតរស់នៅរបស់គេកាន់តែផុងជ្រៅទៅៗក្នុងសេចក្តីងងឹត។ ឯអ្នកខ្លះទៀតបានប្រព្រឹត្តអំពើដែលធ្វើអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គម ដល់ខ្លួនឯង និងគ្រួសារ។ មនុស្សទាំងអស់នេះ មិនអាចដោះស្រាយបញ្ហាដែលធ្វើអោយជីវិតរស់នៅរបស់ខ្លួន ដែលខ្មៅងងឹតនោះបានភ្លឺទេ។
តើយើងអាចរកឃើញ ឬ ស្វែងរកពន្លឺនៃជីវិតនេះនៅទីណា?

ព្រះគម្ពីរចែងថា “នៅក្នុងទ្រង់ (ព្រះយេស៊ូវ) មានជីវិត ហើយជីវិតនោះ ជាពន្លឺនៃមនុស្សលោក។ ពន្លឺនោះក៏ភ្លឺមកក្នុងសេចក្តីងងឹត តែសេចក្តីងងឹតមិនយល់ដល់ពន្លឺទេ” (យ៉ូហាន ១:៤-៥)។ សូមយើងក្រទ្បេកមើលពីជីវិតរបស់មនុស្សពីរនាក់នេះ៖លោកវិចិត្រជាអ្នកចាត់ការក្នុងភោជនីយដ្ឋានដ៏ល្បីមួយកន្លែង។ គាត់មានប្រាក់ខែខ្ពស់ជាងបុគ្គលិកទាំងអស់ នៅក្នុងភោជនីដ្ឋាននោះ។ ប៉ុន្តែគាត់តែងតែស្ងាត់ស្ងៀម ហើយព្រយបារម្ភជាច្រើន។ មើ់លទៅគាត់ ហាក់ដូចជាមនុស្សមិនសប្បាយចិត្តសោះ។ ប៉ុន្តែមនុស្សម្នាក់ទៀត ឈ្មោះ ដែង ជាអ្នកលាងចាននៅក្នុងភោជនីដ្ឋាននោះដែរ ហើយមានប្រាក់ខែត្រឹមតែ ២០មឺុនរៀលប៉ុណ្ណោះ។

4

ទឹកមុខគាត់ញញឹមជានិច្ច គាត់ធ្វើការងារផង ច្រៀងផងយ៉ាងសប្បាយរីករាយ។ អ្នកនៅជុំវិញតែងតែស្រទ្បាញ់រាប់អាន និងទុកចិត្តលើគាត់។ គាត់បានជួយដោះស្រាយបញ្ហាមិត្តភក្តិគាត់ជាច្រើន។ ថ្ងៃមួយនៅពេលដែលលោកវិចិត្របាននិយាយជាមួយដែងជាសម្ងាត់។
គាត់បានសួរទៅដែងថា៖ “ខ្ញុំបានឃើញថា ជីវិតរស់នៅរបស់ឯង ពេញដោយអំណរ និងសុភមង្គល។ “បាទ!” ដែង បានឆ្លើយដោយសម្លេងរីករាយ និងច្បាស់លាស់។ ប៉ុន្តែឯងមិនមានការពិបាកចិត្តចិញ្ចឹមប្រពន្ធ និងកូនទេឬ? “បាទ! ប្រពន្ធខ្ញុំកាត់អោយគេនៅឯផ្ទះ។ ខ្ញុំមានកូនបីនាក់ ហើយសុទ្ធតែនៅរៀន។ កូនៗ នៅរៀនពូកែណាស់!” ដែងឆ្លើយបែបអួត។“តើប្រាក់ខែឯង ចិញ្ចឹមគ្រួសារគ្រប់គ្រាន់ទេ?” លោកវិចិត្រសួរដោយឆ្ងល់។ “យើងមិនដែលមានបញ្ហាអ្វីទេ ពីព្រោះព្រះរបស់ខ្ញុំទ្រង់តែងតែថែរក្សាពួកយើង។ ទ្រង់ឆ្លើយតបនឹងសេចក្តីអធិស្ឋានរបស់យើងជានិច្ច”។ ដែង ឆ្លើយយ៉ាងគួរអោយទុកចិត្តបាន។ បើយើងមើលដោយយកចិត្តទុកដាក់ ចំពោះស្ថានភាពបែបនេះ យើងអាចយល់បានថាៈ
1-លោកវិចិត្រ គឺជាអ្នកដែលប្រឈមមុខនឹងបញ្ហាក្នុងជីវិត ដែលគាត់មិនអាចដោះស្រាយបាន ដូច្នេះហើយបានជាគាត់ពេញដោយការព្រួយបារម្ភ។
2-សុភមង្គលរបស់ដែង គឺមិនពឹងផ្អែកលើមុខរបរ ឬលុយកាក់របស់គាត់នោះទេ តែពឹងផ្អែកលើមូលដ្ឋានពិត ដែលគាត់មានព្រះមួយអង្គអាចពឹងផ្អែកសម្រាប់ការផ្គត់ផ្គង់ប្រចាំថ្ងៃរបស់គាត់។
3-ដែងធ្វើអោយជីវិតគាត់ពេញដោយពន្លឺ និងសុភមង្គល។
តើយើងអាចទទួលពន្លឺនៃជីវិតនោះយ៉ាងដូចម្តេច?
រឿងនេះមិនមែនជាការពិបាកណាស់នោះទេ។ បើយើងអាននៅក្នុងគម្ពីរ ទំនុកដំកើង ជំពូក ១៩ យើងនឹងដឹងថា អស់អ្នកណាដែលជឿ ស្រទ្បាញ់ និងទុកចិត្តលើព្រះនោះនឹងរស់នៅក្រោមព្រះគុណរបស់ទ្រង់ ដែលទ្រង់ប្រទានមកដោយក្តីសប្បុរស។ ទ្រង់នឹងប្រោសលោះយើងអោយរួចផុតពីសេចក្តីងងឹត ទ្រង់គឺជាខែលការពារយើង នៅពេលដើរក្នុងទីងងឹត ពេលលំបាកមានបញ្ហា និងក្នុងចិត្តមិនស្ងប់។ ទ្រង់នឹងប្រាប់ដល់ពួកទេវតារបស់ទ្រង់អោយការពារ និងថែរក្សារយើង។ ដោយព្រោះសេចក្តីស្រទ្បាញ់របស់ទ្រង់ ទ្រង់បានព្រួយព្រះហឫទ័យក្នុងពេលយើងមានទុក្ខព្រួយ និងមានបញ្ហា។ ពេលណាយើងអធិស្ឋានសូមជំនួយពីទ្រង់ ទ្រង់នឹងជួយយើងអោយមានជ័យជំនះរួចផុតពីគ្រោះថ្នាក់ក្នុងជីវិត ព្រមទាំងផ្តល់នូវសេចក្តីសង្រ្គោះ ដែលទ្រង់បានប្រទានមកយើងតាមរយៈជំនឿដែលជឿលើអង្គព្រះយេស៊ូវគ្រីស្ទ។
តើពន្លឺនៃជីវិតនោះមាននៅឯណា?
ព្រះយេស៊ូវប្រាប់យើងនៅក្នុងព្រះគម្ពីរថា “...ខ្ញុំគឺជាពន្លឺរបស់លោកីយ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតទ្បើយ គឺនឹងមានពន្លឺនៃជីវិតវិញ” (យ៉ូហាន ៨:១២)។ ដូច្នេះ មុនពេលយើងអាចចេញពីជីវិត ដែលស្ថិតក្នុងសេចក្តីងងឹត ទៅជួបនឹងពន្លឺនៃជីវិតថ្មី យើងត្រូវតែស្វែងរកអោយស្គាល់ព្រះយេស៊ូវសិន។ ការនេះមិនជាការលំបាកទាំងអស់ទេ ពីព្រោះរៀងរាល់ថ្ងៃ យើងរស់នៅក្រោមខ្សែព្រះនេត្ររបស់ទ្រង់។ ប្រសិនបើយើងបើកចំហរចិត្ត ហើយជឿដល់ទ្រង់ និងទុកចិត្តលើទ្រង់ យើងអាចចូលទៅក្នុងពន្លឺនោះបាន។ ព្រះគម្ពីរបានកត់ត្រាទុកនូវការអស្ចារ្យជាច្រើន ដែលព្រះយេស៊ូវបានធ្វើដើម្បីសម្តែងពីព្រះគុណ និងសិរីរុងរឿងរបស់ទ្រង់។ ទ្រង់ជួយអស់អ្នកដែលជឿ និងសព្វព្រះហឫទ័យជួយដល់គេដូចជាបានចែងនៅក្នុងព្រះគម្ពីរ (យ៉ូហាន ៥:២)ពិតមែន។ រីឯនៅក្នុងក្រុងយេរូសាទ្បឹមនៅជិតក្លោងទ្វារចូលនោះមានស្រះមួយ ដែលភាសាហេព្រើរហៅថា “បេថែសដា” មានភាសាសំណាក់ប្រាំ មានមនុស្សជាច្រើនដេកនៅក្នុងសាលាសំណាក់នោះ ខ្លះឈឺ ខ្លះខ្វាក់ ខ្លះខ្វិន ខ្លះស្វិតដៃជើង គេរង់ចាំទឹកកំរើកទ្បើង ដ្បិតជួនកាលមានទេវតាចុះមកកូរទឹកក្នុងស្រះនោះ... ។ នៅឯទីនោះមានមនុស្សម្នាក់ដែលឈឺសាមសិបប្រាំបីឆ្នាំមកហើយ កាលព្រះយេស៊ូវបានឃើញនោះទ្រង់ជ្រាបថា គាត់ដេកនៅយ៉ាងនេះជាយូរមកហើយ ទ្រង់ក៏មានបន្ទូលទៅគាត់ថា:“តើអ្នកចង់បានជាឬទេ?”អ្នកជំងឺនោះទូលឆ្លើយថា:“ខ្ញុំគ្មានអ្នកណានឹងដាក់ខ្ញុំទៅក្នុងស្រះ នៅពេលទឹកបានកំរើកទ្បើងនោះទ្បើយ ហើយកំពុងដែលខ្ញុំចុះទៅនោះ មានម្នាក់ទៀតចុះទៅមុនខ្ញុំបាត់ទៅហើយ”។ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា:“ចូរក្រោកទ្បើងយកគ្រែអ្នក ដើរទៅចុះ!”។ ស្រាប់តែអ្នកនោះបានជាភ្លាម ក៏យកគ្រែដើរទៅ... ។

បើយើងប្រៀបធៀបរឿងនោះទៅនឹងសង្គមបច្ចុប្បន្ន យើងនឹងឃើញថា:
-មនុស្សដែលបានទៅឯស្រះម្នាក់ៗ គេសង្ឃឹមថាជំងឺរបស់ពួកគេនឹងបានជាសះស្បើយ។
-ម្នាក់ៗគេគិតតែពីខ្លួនគេ គេមិនបានគិតដល់មនុស្សដែលនៅជិតខាងគេទ្បើយ។ នៅពេលនោះពួកគេប្រាកដជាមិនបានយកចិត្តទុកដាក់ នឹងអ្នកដែលខិតខំប្រវេប្រវារុលប្រជៀតទៅមុខ ដើម្បីអោយគេអាចចុះទៅក្នុងស្រះនោះបាន។ នៅក្នុងស្ថានភាពបែបនេះ យើងបានឃើញថា មនុស្សដែលខ្សោយ គឺជាអ្នកចាញ់ និងបាត់ឱកាសរបស់ខ្លួន។
-គ្មានអ្នកណាម្នាក់យកចិត្តទុកដាក់ជួយដល់បុរស ដែលឈឺអស់រយៈពេលសាមសិបប្រាំបីឆ្នាំមកហើយនោះទេ ដូច្នេះគាត់ត្រូវតែបានឱកាសដើម្បីបានជាសះស្បើយ។
-ប៉ុន្តែក្នុងករណីខ្លះព្រះយេស៊ូវបានប្រទានសេចក្តីសង្ឃឹម ចំពោះអស់អ្នកដែលគ្មានសង្ឃឹម ពីព្រោះទ្រង់ជ្រាបថា បុរសស្វិតដៃជើងនោះត្រូវការជំនួយពីទ្រង់។ យើងទាំងអស់គ្នាក៏ដូចជាមនុស្សនៅក្នុងរឿងនេះដែរ។ ជីវិតរស់នៅលើលោកនេះពេញទៅដោយ អំពើបាប។ ពីព្រោះធាតុជាមនុស្សគឺ មានចិត្តពេញដោយបាប។ យើងត្រូវការព្រះយេស៊ូវគ្រីស្ទទុកជាព្រះអង្គសង្រ្គោះរបស់យើង។

4